ខេត្តពោធិ៍សាត់ នឹងមានទំនប់វារីអគ្គីសនីស្ទឹងពោធិ៍សាត់ទី២ ខណៈទី១គ្រោងដាក់ឱ្យដំណើរការ​នៅឆ្នាំ២០២៦

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីទំនប់វារីអគ្គីសនីស្ទឹងពោធិ៍សាត់ទី១ ដាក់ឱ្យដំណើរការ នៅឆ្នាំ២០២៦ នាពេលខាងមុខ រដ្ឋបាលខេត្ត ក៏កំពុងរៀបចំគម្រោងសាងសង់ទំនប់វារីអគ្គីសនីស្ទឹងពោធិ៍សាត់ទី២ មួយបន្ថែមទៀតនាពេលឆាប់ៗខាងមុខនេះផងដែរ។ នេះបើតាមការឱ្យដឹងពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅក្នុងសិន្និសីទសារព័ត៌មានស្ដីពី ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


លោក ខូយ រីដា លើកឡើងថា កម្ពុជាជាប្រទេសកសិកម្ម ហេតុនេះត្រូវការទឹកសម្រាប់ធ្វើស្រែ ចម្ការ ។ ដោយកាលពីជំនាន់មុនកសិករមិនសូវយល់ច្បាស់ពីបច្ចេកទេសដាំ ក៏ដូចជាសន្សំទឹកទុកនោះទេ តែរហូតមកដល់ពេលបច្ចុប្បន្នកសិករ បានយល់ពីបច្ចេកទេសដាំដុះ ព្រមទាំងចេះសន្សំទឹកទុកទៀតផង។ កសិករខេត្តពោធិ៍សាត់ បានប្រើប្រាស់ទឹកដោយសន្សំសំចៃបំផុត ដោយមិនទុកឱ្យទឹកហូរកាត់ទៅចាក់នៅបឹង ស្ទឹង អត់ប្រយោជន៍នោះទេ។
ជាមួយគ្នានេះ វារីអគ្គីសនីស្ទឹងពោធិ៍សាត់ទី១ មានសារៈសំខាន់ណាស់ ដោយលោកអភិបាលខេត្ត លើកឡើងថា សាងសង់តែមួយបានផលច្រើន ពោលគឺព្រួញមួយបាញ់បានសត្វច្រើន។
លោក បន្តថា ទំនប់នេះមានសារសំខាន់ចំនួនបីធំៗគឺ៖ ទី១ បានផលិតថាមពលអគ្គីសនី , ទី២ បន្ថែមទឹកសម្រាប់ផលិតស្រូវរដូវប្រាំងជាមួយកសិករ កាលណាមានទឹកដាំដុះ កសិករពង្រីកផ្ទៃដីដាំដុះស្រូវបីរដូវ ទទួលទិន្នផលបានយ៉ាងច្រើន , ទី៣ ផលិតបានតំបន់ទេសចរធម្មជាតិដ៏ប្រណីត ដែលមានផ្ទៃអាងបរិមាណព័ន្ធជុំវិញ ១៨៧គីឡូម៉ែត្រ។
លោក បន្ថែមថា រដ្ឋបាលខេត្តពោធិ៍សាត់ទាំងមូល នឹងការពារនៅធនធានធម្មជាតិឱ្យបានគង់វង្សដើម្បីទាក់ទាញវិស័យទេសចរ ដោយឡែកសម្រាប់ប្រជាជនដែលរងនៅផលប៉ះពាល់អំពីគម្រោងអភិវឌ្ឍនេះ តម្រូវឱ្យទទួលប្រាក់សារគុណពីរដ្ឋាភិបាល និងដីគោលនយោបាយ ព្រមទាំងផ្ទះគោលនយោបាយ មានឱកាសសម្រាប់ធ្វើកសិកម្មគ្រប់ប្រភេទដែលតម្រូវទៅលើទេសចរដែលមកទស្សនាកម្សាន្ត។
គួរបញ្ជាក់ថា ខេត្តពោធិ៍សាត់មានវារីអគ្គីសនីចំនួន២ គឺវារីអគ្គីសនីស្ទឹងអាតៃ ដែលមានអានុភាព ១២០មេហ្គាវ៉ាត់ និង វារីអគ្គីសនីស្ទឹងពោធិ៍សាត់ទី១ ដែលមានអនុភាព៨០មេហ្គាវ៉ាត់ ព្រមទាំងអនុស្ថានីយចំនួន៣ផងដែរ៕ អត្ថបទ៖ សុកធា