ធនាគារជាតិ៖ ប្រព័ន្ធធនាគារកម្ពុជា នៅតែភាពរឹងមាំនិងបន្តរក្សាបានភាពធន់

សង្គម​និង​សេដ្ឋកិច្ច

បើទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ក៏ដោយ ទ្រព្យសកម្ម និងប្រាក់បញ្ញើនៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជាបានបន្តការកើនឡើងឥតឈប់ឈរ ដែលជាសញ្ញាបង្ហាញពីប្រព័ន្ធធនាគារនៅកម្ពុជាមានភាពរឹងមាំ និងបន្តរក្សាបានភាពធន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការពិតណាស់ សព្វថ្ងៃនេះប្រព័ន្ធធនាគារនៅកម្ពុជា មានការកើនឡើងពាស់ពេញប្រទេស ដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការខ្ចីប្រាក់ ដាក់សន្សំប្រាក់ ផ្ទេរប្រាក់ និងសេវាកម្មផ្សេងៗ សម្រាប់ធ្វើការពង្រីកសង្វាក់ផលិតកម្ម អាជីវកម្ម និងមុខរបរជាច្រើនទៀត។

ជាក់ស្តែង បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ស្តីពីប្រព័ន្ធធនាគារកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២​ បានឲ្យដឹងថា ប្រព័ន្ធធនាគារកម្ពុជា មានធនាគារពាណិជ្ជ ៥៨ ធនាគារឯកទេសចំនួន៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន៨០ គ្រឹះស្ថានឥណទានជនបទចំនួន ២៣១ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន ១៧ អ្នកដំណើរការតតិយភាគីចំនួន៥ គ្រឹះស្ថានផ្តល់សវាទូទាត់ សងប្រាក់ចំនួន ៣១ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានចំនួន១ ការិយាល័យតំណាងធនាគារបរទេសចំនួន៦ និងអាជីវកម្មប្តូរប្រាក់ មានចំនួន២.៦៣០។

គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍របស់ធនាគារជាតិកម្ពុជា បានឲ្យដឹងថា គិតត្រឹមឆមាសទី១ នៃឆ្នាំ២០២២នេះ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារកម្ពុជាមាន កំណើន១៧,២% ដល់ ៣០៥,៤ ទ្រីលានរៀល (៧៥,២ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះឥណទាន អតិថិជនកើន ២៣,៤% ដល់ ២០៩ ទីលានរៀល (៥១,៥ ប៊ីលានដុល្លារអាមេរិក)។ ទន្ទឹមនេះ ប្រាក់ បញ្ញើអតិថិជនមានកំណើន ១៦% ដល់ ១៧០,៦ ទ្រីលានរៀល (៤២ ប៊ីលានដុល្លារអាមេរិក) និងដើមទុនមានកំណើន ១៣% ដល់ ៣២,៣ ទ្រីលាន រៀល (៨ ប៊ីលានដុល្លារអាមេរិក)៕