គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ គ្រោងបញ្ចប់នៅចុងខែមិថុនា ឆ្នាំនេះ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ សម្រេចវឌ្ឍនភាពការងារ៩៥%ហើយ ខណៈគម្រោងនេះ គ្រោងនឹងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៦នេះ។ នេះបើយោងតាមការប្រកាសរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១​ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យខាងលើបានបញ្ជាក់ថា៖« យើងខ្ញុំ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹងពីការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ និងបានតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតពីវឌ្ឍនភាពការងារនៅការដ្ឋានក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ»។

លោក ក៏បញ្ជាក់ជូនបន្ថែមថា នេះជាអនុគម្រោងសាងសង់សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។អ្វីដែលលោកអ្នកបានឃើញរូបភាពទឹកដក់លើដងផ្លូវនេះ បណ្តាលមកពីភ្លៀងកក់ខែធ្លាក់ជាប់ៗគ្នារយៈពេល២ថ្ងៃ បន្ទាប់ពីក្រុមការងារការដ្ឋានបានកាយដាក់ទុយោ និងបានបង្ហាប់ដីតួផ្លូវ កាលពីអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោកបន្តថា បច្ចុប្បន្ននេះ ក្រុមការងារបានកែលម្អ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាប្រក្រតីរួចរាល់ ហើយអាជ្ញាធរក្រុង-ខេត្ត ដ៏ដូចជាមន្ត្រីអនុវត្តន៍គម្រោង បានយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា អនុគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទនេ្លសាប ជំហាន២ សាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ ប្រវែង១១០,៩១គ.ម ប្រព័ន្ធលូទឹកភ្លៀង​៦,៨៨ គ.ម ព្រមទាំងស្ថាបនាស្ថានីយចម្រោះទឹកកខ្វក់ ដែលមានសមត្ថភាព ៣៥០០ម៣/ថ្ងៃ មានវឌ្ឍនភាពការងារ៩៥%ហើយ គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដោយគម្រោងគ្រោងនឹងបញ្ចប់នៅបំណាច់​ ខែមិថុនា ឆ្នាំ២០២៦​ខាងមុខ។នេះបើតាមការបញ្ជាក់បន្ថែមពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន៕អត្ថបទ៖ហ្សាលីន