ត្រឹម៥ខែ ឆ្នាំនេះ៖ អង្គភាពពន្ធដារ ប្រមូលពន្ធចូលជាតិបានរហូត១,៧ពាន់លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹម៥ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ បានដល់ប្រមាណ ១,៧ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើតាមទិន្នន័យដែលបង្ហាញដោយអគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងបន្តថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២២នេះ ចំណូលពន្ធ-អាករ ដែលប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួនប្រមាណជាង ១ ៧២៦លានដុល្លារ ស្មើនឹង ៦១,២៥% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថា កើនឡើងចំនួនប្រមាណជាង ៣៧៦ លានដុល្លារ ស្មើនឹង២៧,៩៥%។

ជាងនេះទៀត សម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២២នេះ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនក្នុងរង្វង់ ២៥%ទៅ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះពន្ធលើប្រាក់ចំណូល ២៥,៩៨% អាករលើតម្លៃបន្ថែម ២៦,៤២% ពន្ធលើប្រាក់បៀវត្ស ២៦,៣៨% អាករពិសេស ៣៣,៤១% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ៤៤,៣៨%។

គួរបញ្ជាក់ដែរថា បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តមគង់ វិបុល ក៏បានបញ្ជាក់ថា នៅក្នុងខែឧសភា ឆ្នាំ២០២២នេះ ចំណូលពន្ធ-អាករ គ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ ប្រមាណជា ២២៥,០០លានដុល្លារ ស្មើនឹង ៧,៩៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែឧសភា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួនប្រមាណជា ៣៦,៣៧ លានដុល្លារ ស្មើនឹង ១៩,២៨%៕