ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានជាង ១៦ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែ ឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

រយៈពេល៤ខែ (គិតចាប់ពីខែមករា ដល់ខែមេសា)ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង ១៦ ៩១៣ លានដុល្លារ មានកំណើនប្រមាណជិត ១២%។នេះបើតាមការឲ្យដឹងពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងសុន្ទរកថាក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” ក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ចម និម្មល បានឲ្យដឹងថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង ១៦ ៩១៣ លានដុល្លារ មានកំណើនប្រមាណជិត ១២%។

លោកស្រីបន្តថា ដោយក្នុងនោះ ការនាំចេញមានមានទំហំទឹកប្រាក់ ប្រមាណ ៨ ប៊ីលានដុល្លារ កើនឡើងប្រមាណជិត ១២% ដែលការណ៍នេះ បានបញ្ជាក់ពីថាមវន្តពាណិជ្ជកម្មរបស់កម្ពុជាដែលមានកំណើននិងបានដើរតួនាទី យ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។

នាឱកាសនោះ លោកស្រី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមឱ្យទៅជាឱកាស តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា។

បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា រយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ គិតជាទឹកប្រាក់ប្រមាណជាង៨ពាន់លានដុល្លារ កើនឡើង១៥.២% ខណៈការនាំចូលមានជាង ៨.៦ពាន់លានដុល្លារ កើនឡើង៩.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីមុន។

ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំធ្វើឡើងពីក្រណាត់ ផ្លែឈើ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។

របាយការណ៍បានបញ្ជាក់ទៀតថា ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀតផងដែរ៕