កម្ពុជា-បារាំង រួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគឱ្យកាន់តែមានសន្ទុះខ្លាំងក្លា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតបារាំងប្រចាំកម្ពុជា កាលទី៧ ខែមេសា ឆ្នាំ២០២៦ បានបើកិច្ចពិភាក្សាការងាររួមគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគឱ្យកាន់តែមានសន្ទុះខ្លាំងក្លា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សានេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Oliver Richard កអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះកម្ពុជា។

នាឱកាសនោះ ឯកអគ្គរដ្ឋទូតបារាំង បានលើកឡើងអំពីព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលលើកទី២០ នៃប្រទេសនិយាយភាសាបារាំង (20th Francophonie Summit ) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅចុងឆ្នាំ២០២៦ ខាងមុខនេះ និងផែនការនៃការរៀបចំព្រឹត្តិការណ៍អមសម្រាប់វិស័យពាណិជ្ជកម្ម និងធុរកិច្ច។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅលើចំណុចគន្លឹះមួយចំនួន រួមមានការជំរុញការវិនិយោគផ្ទាល់ពីបារាំង (FDI) ដោយក្នុងនោះដែរ លោកអគ្គរដ្ឋទូត បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការចូលរួមសម្របសម្រួល និងរៀបចំវេទិកាធុរកិច្ចនានា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិនបារាំង និងដៃគូក្នុងស្រុកឱ្យកាន់តែជិតស្និទ្ធ។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់កន្លងមក។ឯកឧត្តម ក៏បានជម្រាបបន្ថែអំពីសក្តានុពលវិនិយោគនៅកម្ពុជា ភាពអនុគ្រោះនៃច្បាប់ស្តីពីវិនិយោគ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការកម្ពុជា-សហរដ្ឋអាមេរិក ដែលសុទ្ធតែជាកត្តាដែលផ្តល់នូវភាពទាក់ទាញ ដល់ក្រុមហ៊ុនធំៗពីប្រទេសបារាំង។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ កម្ពុជា-បារាំងផងដែរ៕អត្ថបទ៖ហ្សាលីន