រាជរដ្ឋាភិបាល បានរៀបចំឱ្យមានគោលនយោបាយនិងបទប្បញ្ញត្តិនានាពាក់ព័ន្ធជាច្រើនទៀត សំដៅលើកកម្ពស់តម្លៃគ្រួសារខ្មែរ ដើម្បីធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព។

នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ក្រោមប្រធានបទ “ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិ រីកចម្រើន និងមានសុខសន្តិភាព” ផ្សាយចេញនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនេះ សម្តេចធិបតី បានគោរពដឹងគុណ ជាទីបំផុតចំពោះក្រុមគ្រួសារទាំងឡាយ ជាពិសេស ជីដូន ជីតា លោកឪពុក អ្នកម្តាយ និងបងប្រុស បងស្រី ដែលតែងតែធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាងក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំកូនចៅ និងការចូលរួមចំណែក ដ៏សកម្មរបស់គ្រួសារ ក្នុងការបន្តថែរក្សានិងលើកស្ទួយមរតក វប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ប្រជាជាតិ ដើម្បីរក្សាឱ្យបាននូវភាពសុខដុមរមនា សាមគ្គីភាព និងសេចក្តីថ្លៃថ្នូរក្នុងសង្គមជាតិ។
សម្តេចធិបតី សង្ឃឹម យ៉ាងមុតមាំថា គ្រួសារទាំងអស់ នឹងបន្តអនុវត្តនូវប្រពៃណីដ៏ល្អផូរផង់នេះ ដើម្បីបន្តរួមចំណែកថែរក្សានិងកសាង សមិទ្ធផលនានាបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ជាតិ ខណៈសម្តេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានរៀបចំឱ្យមានគោលនយោបាយនិងបទប្បញ្ញត្តិនានាពាក់ព័ន្ធជាច្រើនទៀត សំដៅលើកកម្ពស់តម្លៃគ្រួសារខ្មែរ ដើម្បីធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាពផងដែរ៕អត្ថបទ៖ហ្សាលីន

