ពិធីការនីល្បី ចាន់ គង្គា៖​ បង្ហោះរូបថត៤សន្លឹក លាតត្រដាងរឿងរ៉ាវលាក់ក្នុងចិត្តពាក់ព័ន្ធក្រុមហ៊ុនCBS

កម្សាន្ត

កាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០២២ កញ្ញា ចាន់ គង្គា ដែលបច្ចុប្បន្នត្រូវបានគេដឹងថា គឺជាពិធីការីដ៏ឆ្នើមមួយរូប ប្រចាំស្ថានីយទូរទស្សន៍ CTN នៃក្រុមហ៊ុន CBSផង បានបង្ហោះរូបថតចំនួន៤ សន្លឹក ដើម្បីបង្ហាញរឿងរ៉ាវលាក់ក្នុងចិត្តពាក់ព័ន្ធជាមួយក្រុមហ៊ុនCBS។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ស្រីស្រស់​សម្បុរ​ស្រអែម​ និងជាពិធីការិនី ដ៏ប៉ិនប្រសព្វ កញ្ញា ចាន់ គង្គា បានលើកឡើងថា «អ្នកមិនបានដឹងពីខ្ញុំក្នុងរយៈពេល 7 ឆ្នាំនេះ និងមានបញ្ជាក់តាមរយៈរូប ៤ សន្លឹកខាងក្រោមនេះជាមួយនិងរឿងរ៉ាវដែលខ្ញុំបានលាក់ទុកក្នុងចិត្តកន្លងមក»។

តាមរយៈរូបថតទាំង៤សន្លឹកនោះ រួមមានអត្ថន័យ ដូចខាងក្រោមនេះ៖

រូបថតទី១ នេះកញ្ញាបានរៀបថា៖«ថ្ងៃ 27 ខែ មីនា ឆ្នាំ 2015 គឺជាយប់ដែលមិនអាចបំភ្លេចបានក្នុងឆាកជីវិតរបស់ខ្ញុំ។ ខ្ញុំមានសេចក្ដីរីករាយបំផុត ហើយរំភើបដែលបានគ្រងមកុដកំពូលតារាម៉ូតរបស់កម្ពុជា Cambodia’s Next Top Model ។ ខ្ញុំបានទន្ទឹងរង់ចាំការងារដ៏គួរឱ្យរំភើបជាច្រើន បន្ទាប់ពីបានឈ្នះការប្រលងនេះ ហើយខ្ញុំក៏បានឃើញវីដេអូជាច្រើនរបស់តារាម៉ូដែល ដែលបានបន្តក្លាយជាតារាសម្តែង ពិធីការិនី និងទទួលបានជោគជ័យក្នុងអាជីពសិល្បៈ។ ព្រះអាទិត្យហាក់ដូចជាកំពុងញញឹមដាក់ខ្ញុំ ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់»។

ចំពោះរូបថតទី២នេះដែរ កញ្ញា បានឱ្យដឹងដែរថា៖«គួរឱ្យសោកស្ដាយ ភាពរីករាយរបស់ខ្ញុំបានត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ ដោយសារពេលវេលាបានកន្លងផុតទៅជាច្រើនខែ និងពីខែទៅជាឆ្នាំ ខ្ញុំនៅតែគ្មានការងារធ្វើ មិនដូចអ្វីដែលតំណែងដ៏មានកិត្យានុភាពរបស់ខ្ញុំគួរតែទទួលបាន។ ខ្ញុំបាត់បង់ទំនុកចិត្តបន្តិចម្តងៗ ដោយសារគ្មាននរណាម្នាក់ឱ្យតម្លៃខ្ញុំជាតារាបង្ហាញម៉ូត ឬយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះសុទិដ្ឋិនិយមនៃវិស័យបង្ហាញម៉ូត ហើយក្តីសង្ឃឹមរបស់ខ្ញុំបានបាត់បង់យ៉ាងឆាប់រហ័ស ដោយខ្ញុំចំណាយពេលភាគច្រើន អង្គុយនៅក្នុងបន្ទប់ដ៏តូចមួយដែលមានតែភាពងងឹត និងភាពស្ងៀមស្ងាត់ ដែលពួកវាប្រៀបដូចជាមិត្តរបស់ខ្ញុំអ៊ីចឹង»។

ចំពោះរូបថតទី៣នេះវិញ កញ្ញា បានលើកឡើងដូច្នេះដែរថា«ថ្ងៃមួយខ្ញុំកំពុងថតនៅ CBS ក្នុងនាមជាបេក្ខនារីសម្រាប់កម្មវិធីហ្គេមមួយ ហើយចៃដន្យក្នុងអំឡុងពេលថតនោះ នាយកប្រតិបត្តិ CBS លោក Rajveer បានចូលមកក្នុងស្ទូឌីយ៉ូ។ គាត់បានសួរខ្ញុំនូវសំណួរជាច្រើនអំពីជំនាញ និងអាជីពរបស់ខ្ញុំ។ បន្ទាប់ពីដឹងថាខ្ញុំជាប់ជាកំពូលតារាបង្ហាញម៉ូត Cambodia’s Next Top Model ហើយបានឃើញខ្ញុំដើរបង្ហាញម៉ូដនៅលើឆាក គាត់សួរខ្ញុំថាតើខ្ញុំចង់ដឹកនាំផ្នែកដើរម៉ូតនៅក្នុងកម្មវិធីដែលនឹងមកដល់នាពេលខាងមុខ ដែលមានឈ្មោះថា “Saturday Night Live – Let’s Party” ដែរឬទេ។ ខ្ញុំភ័យ និយាយមិនចេញ ព្រួយបារម្ភ និងសប្បាយចិត្តក្នុងពេលតែមួយ ហើយមិនដឹងថាត្រូវឆ្លើយតបយ៉ាងណាទេ ប៉ុន្តែបានប្រាប់គាត់ថា ខ្ញុំរីករាយនឹងទទួលយកអ្វីដែលថ្មីសម្រាប់ខ្លួនខ្ញុំ។ ចាប់តាំងពីថ្ងៃនោះមក ខ្ញុំបានប្តេជ្ញាចិត្តទាំងស្រុងចំពោះក្រុមការងារ CTN និងធ្វើការជាមួយផលិតករ អ្នករចនាម៉ូត តារាបង្ហាញម៉ូត និងបានចូលរួមគ្រប់ផ្នែកនៃ Fashion រួមទាំងការជ្រើសរើសតន្ត្រី និងការផ្តល់យោបល់លើស្ទាយល៍។ ខ្ញុំត្រូវធ្វើកិច្ចការផ្ទះច្រើនរាល់ថ្ងៃ ប៉ុន្តែអ្នកណាមិនធ្វើ ព្រោះវាជាឱកាសមួយក្នុងឆាកជីវិត»។

ដោយឡែករូបថតទី៤វិញ កញ្ញា ក៏បានរៀបរាប់ដូច្នេះថា៖«ខ្ញុំពិតជារីករាយក្នុងការធ្វើការជាមួយ CBS រួមទាំងផលិតករដែលមានបទពិសោធន៍ និងមានសមត្ថភាពខ្ពស់ ព្រមទាំងក្រុមដែលនៅពីក្រោយចាំគាំទ្រខ្ញុំទាំងអស់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះCBS ដែលបានផ្តល់ឱកាសដ៏មានតម្លៃក្នុងឆាកជីវិតរបស់ខ្ញុំ និងគោលដៅមួយសម្រាប់អាជីពរបស់ខ្ញុំ។ ពី កំពូលតារាបង្ហាញម៉ូត គង្គា – ស្រលាញ់ CBS»។

គួរ​បញ្ជាក់​ដែរ​ថា ​ កញ្ញា ចាន់ គង្គា គឺអតីតជា​ម្ចាស់​ជយលាភី​នៃ​ការប្រកួត​បង្ហាញ​ម៉ូដ​ឈ្មោះថា Cambodia’s Next Top Model នា​រដូវកាល​ទី​​ ១ កាលពី​ឆ្នាំ​ ២០១៥ របស់​ទូរទស្សន៍ MyTV ខណៈ​បច្ចុប្បន្ន​នេះ​នាង​កំពុងតែ​មាន​ឈ្មោះ​ល្បី​ក្នុង​ពិភព​ដើរ​ម៉ូដ ពិធីការី និង​ជា​តារាសម្តែង​ផ្នែក​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នានា​។

អតីតម្ចាស់នៃជយលាភីនៃការប្រកួតបង្ហាញម៉ូដ Cambodia’s Next Top Model នារដូវកាលទី ១ តារាបង្ហាញម៉ូដដ៏ល្បីថ្មីៗ​នេះ​ដែរ​កញ្ញា ចាន់ គង្គា ក៏​បាន​បង្កើត​ចំណាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​ផងដែរ​ក្នុង​បណ្តាញ​សង្គម​ជាមួយ​នឹង​ការចេញ​វីដេអូ​ផ្សព្វផ្សាយ​ពី​វិធី​រក្សា​សម្រស់​របស់​នារីៗ​បែប​សាមញ្ញ ក៏​អាច​ទទួល​បាន​នូវ​សម្រស់​ស្រស់ស្អាត​មិន​ចាញ់​តារាភាពយន្ត​នោះ​ឡើយ​។

សូមរម្លឹកដែរថា ការបង្ហោះរូបថតបង្ហាញរឿងរ៉ាវក្នុងចិត្តរបស់ពិធីការនីល្បី កញ្ញា ចាន់ គង្គា នាពេលនេះ គឺធ្វើឡើងក្រោយពេល មានសិល្បៈករមួយចំនួន ដូចជា នាយពាក់មី ជាដើម បានប្រកាសដំណឹងគ្រោងនឹងឈប់ពីស្ថានីយទូរទស្សន៍ CTN ក្រោយទទួលរងសម្ពាធពីអ្នកគ្រប់គ្រងថ្មីរបស់ស្ថានីយ៍ទូរទស្សន៍នេះផងដែរ៕អត្ថបទ៖រង្សី