រដ្ឋ បង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដើម្បីជំរុញវិនិយោគ និងដោះស្រាយវិវាទនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ បង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ដែលមានអក្សរកាត់ អ.គ.វ.រ.ខ. ជាសេនាធិការឱ្យរដ្ឋបាលរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិកាវិនិយោគរាជធានី ខេត្ត ដែលចេញផ្សាយ កាលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ។

អនុក្រឹត្យដដែលបានឱ្យដឹងថា សមាសភាពនៃអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ គឺជាប្រធាន និងអភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ចំនួន១រូប គឺជាអនុប្រធាន និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនជាសមាជិក។

គួរបញ្ជាក់ដែរថា បើយោងតាមអនុក្រឹត្យនេះដែរ បានឱ្យដឹងថា អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តមានតួនាទី និងភារកិច្ចពិនិត្យ និងសម្រេចលើការចុះបញ្ជី ការផ្តល់ការលើកទឹកចិត្ត ការធានាការទិញ ការលក់ ការរួមបញ្ចូលគ្នា ការលុប និងការដោះស្រាយវិវាទនានាពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាមេរិក ចុះនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ស្របតាមនីតិវិធីដែលកំណត់ដោយអនុក្រឹត្យដោយឡែក និងស្របតាមច្បាប់វិនិយោគនៃកម្ពុជា៕

190 Shares