គ្រប់មេដឹកនាំកំពូលចិន ជប៉ុន កូរ៉េខាងត្បូង បណ្តាសមាជិកអាស៊ាន… មិនដែលភ្លេចឡើយ ក្នុងការសួរនាំពីសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន

សង្គម​និង​សេដ្ឋកិច្ច

លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្រ្តីប្រតិភូមអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអន្តរជាតិ បានលើកឡើងថា គ្រប់មេដឹកនាំកំពូល (ចិន ជប៉ុន កូរ៉េខាងត្បូង បណ្តាសមាជិកអាស៊ាន…) មិនដែលភ្លេចឡើយ ក្នុងការសួរនាំពីសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន។ ការលើកឡើងនេះបន្ទាប់ពីនាពេលថ្មីៗនេះលោកបានអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល ៤ថ្ងៃ ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងបន្តទៅកាន់រាជធានីរីយ៉ាដ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅប្រទេសអារ៉ាប៊ីសាអូឌីត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើទំព័រហ្វេសប៊ុក លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានលាតត្រដាងការពិតមួយ ក្រោយពីអមដំណើរអស់រយៈពេល២ខែ សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមជំនួបកំពូលទ្វេភាគីឬពហុភាគីជាច្រើននៅក្នុងតំបន់អាសុី។ លោកថា គ្រប់មេដឹកនាំកំពូល(ចិន ជប៉ុន កូរ៉េខាងត្បូង បណ្តាសមាជិកអាស៊ាន…) មិនដែលភ្លេចឡើយ ក្នុងការសួរនាំពីសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន។ ពាក្យសំដីសួរនាំពីអតីតនាយករដ្ឋមន្ត្រីកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំបរទេសទាំងនេះ សុទ្ធតែបង្កប់ឬក៏ជួនកាលស្តែងឱ្យឃើញជាក់ស្តែងតែម្តង នូវ ការគោរព, ការនឹករឭក, និងការកោតស្ញប់ស្ញែង, ដូចពាក្យលោកថា «ចេះដប់មិនស្មើប្រសប់មួយ»…។

លោកគូសបញ្ជាក់ថា ទាំងនេះ ឆ្លុះបញ្ចំងឱ្យឃើញនូវការពិតមួយទៀត នោះគឺលក្ខណៈសម្បត្តិជា«រដ្ឋបុរស»ប្រកែកមិនបានរបស់ សម្តេចតេជោ ដែលថ្នាក់ដឹកនាំតំបន់អាសុី ទទួលស្គាល់ជាឯកច្ឆ័ន…។ លោកបន្ថែមទៀតថា ទាំងនេះក៏ជាសម្ពាធមួយដែរមកលើ សម្តេចធិបតី ហ៊ុន ម៉ាណែត…សម្ពាធនៃទំនួលខុសត្រូវចំពោះមុខមាត់ជាតិកម្ពុជានៅលើឆាកតំបន់, សម្ពាធនៃការបន្តតំណែង និងសម្ពាធនៃ«វប្បធម៌លទ្ធផល»(ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មីដែលត្រូវតែនាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ជាតិខេមរា និងសម្រាប់តំបន់ ពិសេស សម្រាប់អង្គការតំបន់អាស៊ាន…។

សូមជម្រាបជូនថា សម្តេចតេជោ ហ៊ុន សែន ដែលទើបចាក់ចេញពីតំណែងនាយករដ្ឋមន្រ្តីនៅអាណត្តិទី៧នេះ ធ្លាប់បានកាន់តំណែងរដ្ឋមន្ត្រីការបរទេសនៅឆ្នាំ ១៩៧៩ ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨១ ដល់ ១៩៨៥ និងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨៥ ដល់ ១៩៩១ ។

ឆ្លងតាមការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងការបោះឆ្នោតសកលឆ្នាំ ១៩៩៣ ចាប់ពីឆ្នាំ ១៩៩៣ ដល់ ១៩៩៨ សម្តេចតេជោ ហ៊ុន សែន មានតួនាទីជាសហនាយករដ្ឋមន្ត្រី និងក្រោយមកជានាយករដ្ឋមន្ត្រីទីពីរ នៃរាជរដ្ឋាភិបាលចម្រុះលើកដំបូងរបស់កម្ពុជា។ នៅខែ កក្កដា ឆ្នាំ១៩៩៨ ការបោះឆ្នោតសកលលើកទីពីរ បានដំណើរការសម្តេចតេជោបានក្លាយជានាយករដ្ឋមន្រ្តី ដឹកនាំរដ្ឋាភិបាលចម្រុះទីពីរ ហើយបាននាំកម្ពុជាក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីភាគអាគ្នេយ៍ ហៅកាត់ អាស៊ាន។

តាមរយៈការបោះឆ្នោតសកលនៅខែកក្កដា ឆ្នាំ ២០០៣ សម្តេចតេជោ ហ៊ុន សែន បានបន្តកាន់តំណែងនាយករដ្ឋមន្ត្រីរហូតមកដល់អាណត្តិទី៦។ សម្តេចតេជោជាប់ឈ្មោះជាមេដឹកនាំដែលកាន់តំណែងនាយករដ្ឋមន្រ្តីមានវ័យក្មេងជាងគេ និងយូរជាងគេលើពិភពលោក៕