កិច្ចចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ថា លោកបានចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលលោកតាមដានដោយផ្ទាល់។នេះបើតាមការឱ្យដឹងពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចធិបតី បន្តថា៖«ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី ខ្ញុំបានទទួលទូរសព្ទពីលោកDonald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយលោកទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃកាលពីល្ងាចមិញនេះ។លោកចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលលោកតាមដានដោយផ្ទាល់»។
ទន្ទឹមគ្នានេះ សម្តេចធិបតីថា សម្តចបានសម្ដែងការអរគុណសារជាថ្មីចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឱ្យមានការចរចារការឈប់បាញ់ឱ្យបានឆាប់រហ័ស និងឱ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ។
សម្តេចបន្តថា លោកយល់ថាដើម្បីឱ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញនិងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាននិងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ។ ក្នុងន័យនេះ លោកប្រធានាធិបតីបានឯកភាពឱ្យសហរដ្ឋអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ។
លើសពីនេះ លោកប្រធានាធិបតី Donald Trump ក៏ចាត់ទុកថាកិច្ចការងារនេះជាកិច្ចការពិសេសសំខាន់ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ។
សូមជម្រាបថា ប្រមុខដឹកនាំ កម្ពុជា និងថៃ បានសម្រេចឯកភាពលើកិច្ចចរចាបទឈប់បាញ់គ្នា លើបទឈប់បាញ់ ដោយគ្មានលក្ខណ្ឌ ដោយចាប់អនុវត្តពីម៉ោង ១២ យប់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥តទៅ៕ អត្ថបទ៖ ហ្សាលីន

