សភាពាណិជ្ជកម្មកម្ពុជា អំពាវនាវឲ្យអភិបាលខេត្ត រាជធានី​យកចិត្តទុកដាក់ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈ​ការទាក់ទាញ​​វិនិយោគ

សង្គម​និង​សេដ្ឋកិច្ច

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវ​ដល់រដ្ឋបាលខេត្តរាជធានី​ទាំងអស់​ត្រូវ មានការយក​ចិត្តទុកដាក់​ខ្ពស់​ក្នុងការទ្រទ្រង់​និងជំរុញកំណើនសេដ្ឋកិច្ច​តាមរយៈការ​ទាក់ទាញ​​វិនិយោគមកកាន់​ប្រទេសកម្ពុជា ដូចតាមការ​អំពាវនាវរបស់ថ្នាក់ដឹក​នាំរាជរដ្ឋាភិបាល​ដែល​តែងតែ​កៀងគរ​វិនិយោគពីបរទេសមកវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអំពាវនាវនេះធើ្វឡើងស្របពេលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយ​វិវាទ​ពាក់ព័ន្ធនឹងគម្រោងវិនិយោគ។ ឧកញ៉ា លឹម ហេង ថាតាមរយៈអនុក្រឹត្យនេះឲ្យបណ្ដាខេត្ត រាជធានី មានភាពទទួលខុសត្រូវខ្ពស់​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន​ក្នុងការទាក់ទាញវិនិយោគ មកកាន់បណ្ដា​ខេត្ត រាជធានីរបស់ខ្លួន។

ជាមួយគ្នានេះ ឧកញ៉ា លឹម ហេង បានបញ្ជាក់ថា សភាពាណិជ្ជកម្ម បានគាំទ្រពេញទំហឹង​ចំពោះ​ការ​បង្កើន​ទំហំទឹកប្រាក់​វិនិ​យោគ ដែលអនុគណៈកម្មាធិការ​វិនិយោគ​រាជធានី-ខេត្ត មានសិទ្ធិអនុម័ត​គម្រោង​វិនិយោគ នៅតាមបណ្តាខេត្តនីមួយក្រោម​៥លានដុល្លារ ដើម្បី​បង្កភាពងាយស្រួល​ដល់​វិនិយោគិន ទទួល​បានការអនុម័ត គម្រោងកាន់តែលឿន និងងាយស្រួល​ជាង​មុន។

ឧកញ៉ា លឹម ហេង បន្តថា ការចេញអនុក្រឹត្យថ្មី ផ្តល់សិទ្ធិដល់​អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត អាចអនុម័ត​គម្រោងវិនិយោគទំហំទឹកប្រាក់ ដល់ក្រោម៥លានដុល្លារនេះ គឺជារឿង មួយដែល​សភាពាណិជ្ជកម្មគាំទ្រ ខណៈដែលកាល​ពីមុន​​អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានសិទ្ធិ​អនុម័ត​គម្រោងមានទំហំទុនវិនិយោគត្រឹម២ លានដុល្លារចុះ​​ក្រោមប៉ុណ្ណោះ។

ទន្ទឹមគ្នានេះ ឧកញ៉ា លឹម ហេង ក៏រំពឹងថា អនុក្រឹត្យថ្មីនេះ នឹងជួយឱ្យខេត្តនីមួយៗទាក់ទាញវិនិយោគិន ទៅតាម​បណ្តា​​ខេត្ត​​របស់ខ្លួន ដើម្បីបង្ខិត​រោងចក្រទៅតាមខេត្តនីមួយៗ ដែលជាការជួយកាត់បន្ថយ​ចំណាក​​​​ស្រុកពីខេត្តមករាជធានី ឬទៅ​ក្រៅ​ប្រទេស។ លើសពីនេះ​ក៏នឹងសម្រួលដល់​ការដឹក​ជញ្ជូន​ទំនិញ និងការប្រមូល​ទិញវត្ថុធាតុ​ដើមនៅតាមច្រកព្រំដែន ឬប្រ​​មូលទិញ​វត្ថុធាតុ​ដើមពីក្នុងខេត្តរបស់ខ្លួន ដើម្បីកែច្នៃ និងនាំចេញ។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានចេញអនុក្រឹត្យ បង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ដែលមានអក្សរកាត់ អ.គ.វ.រ.ខ. ជាសេនាធិការឱ្យរដ្ឋបាលរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។  

សមាភាពនៃអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង​អស់ គឺជាប្រធាន និងអភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ចំនួន១រូប គឺជាអនុប្រធាន និងប្រធាន​មន្ទីរ​ពាក់ព័ន្ធមួយ​​ចំនួនជា​​សមាជិក។

អនុគណៈ​​កម្មាធិការវិនិយោគរាជធានី-ខេត្តមានតួនាទី និងភារកិច្ចពិនិត្យ និងសម្រេចលើការចុះបញ្ជី ការផ្តល់ការលើក​ទឹក​ចិត្ត ការធានាការទិញ ការលក់ ការរួមបញ្ចូលគ្នា ការលុប និងការដោះស្រាយវិ​វាទ​នានា​ពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាមេរិកចុះ នៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តសាមី​នីមួយៗ ស្របតាមនីតិវិធីដែលកំណត់​ដោយ​អនុក្រឹត្យ​ដោយឡែក និងស្របតាមច្បាប់វិនិយោគនៃកម្ពុជា៕

68 Shares