កម្ពុជា កំពុងសិក្សាការ​ដឹកជញ្ជូនតាមរថភ្លើង​ តភ្ជាប់​ពីចិន​ដោយ​​ឆ្លងកាត់​ឡាវ​ និងថៃ​

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជាកំពុងសិក្សាការដឹកជញ្ជូនតាមរយៈរថភ្លើងតភ្ជាប់ពីប្រទេសចិន មកប្រទេសឡាវ ដោយឆ្លងកាត់​ប្រទេស​​ថៃចូល​​​មកកាន់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគម​ភ័ស្ដុភារ​កម្ម​កម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់ថា ការដឹកជញ្ជូនតាម​ផ្លូវរថភ្លើង​តភ្ជាប់ពី​ប្រទេស​ចិន​មកឡាវដោយ​ឆ្លង​កាត់ប្រទេសថៃមក​កម្ពុជា​​គឺអាចចំណាយពេលមួយសប្តាហ៍ ហើយតម្លៃ​ដឹក​ជញ្ជូន​ប្រភេទនេះ អាច​ប្រសើរបើប្រៀបធៀប​និងការដឹក​ជញ្ជូន​តាម​មធ្យោបាយផ្សេងទៀត។

ឧកញ៉ា ស៊ិន ចន្ធី បន្តថា បច្ចុប្បន្នកម្ពុជាកំពុងសិក្សាជាមួយភាគីឡាវ ពីបែបបទគយ​ពេល​ទំនិញឆ្លងកាត់ និងជាពិសេស​បញ្ហា​ប្រឈមលើការប្រើប្រាស់ទូកុងតេន័របស់រថភ្លើង ដែលតម្រូវរកដំណោះស្រាយលើ​ការបង្វិលទូកុងតេន័រ ដោយ​មិនប្រើ​រយៈពេលយូរ។

សូមជម្រាបថា សមាគមភស្តុភារកម្មកម្ពុជា បានដឹកនាំសមាជិកប្រមាណ៣០ក្រុមហ៊ុន ធ្វើទស្សនកិច្ច​ សិក្សាទៅកាន់​ប្រទេសឡាវ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនា ​ឆ្នាំ២០២២ ដោយមានការចូលរួម ពីសមាគម​ប្រទេសថៃ ដែល​បានដឹកនាំ​សមាជិក​ប្រមា​ណ​ជា១៤ក្រុមហ៊ុន ទៅចូលរួមជាមួយគ្នានិងសមាគមភស្តុភារកម្មកម្ពុជា។

ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើង ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់​ប្រយោជន៍ពី​ការ​ដឹក​ជញ្ជូន តាមរយៈ​រថភ្លើងតភ្ជាប់ពី ប្រទេសចិនមកឡាវ ដោយឆ្លងកាត់ប្រទេសថៃមកកាន់កម្ពុជា ដោយ​យល់ឃើញថាមធ្យោបាយដឹក​ជញ្ជូនបែបនេះ ចំណេញពេលវេលាជាងការដឹកជញ្ជូនតាមផ្លូវទឹក។

ជំនួបពិភាក្សាក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំង៣ប្រទេស ក៏បានរៀបចំចុះអនុស្សារណៈ​យោគ​យល់គ្នា ដោយគោល​បំណងរបស់អនុស្សារណៈយោគយល់គ្នានោះ គឺសំដៅធ្វើយ៉ាងណា ដើម្បីចែក​​រំលែកព័ត៌មាន(Transit & Exchange. Business Data) នៃ ប្រទេសទាំង៣៕ ដោយ៖ ពុធិកា