IDI ថា៖ វិបត្តិសង្គ្រាមអន្តរជាតិ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាភិបាល និងវិនិយោគិន នៃសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) បានឲ្យដឹងថាវិបិត្តសង្គ្រាមនៅអន្តរជាតិ បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាពលរដ្ឋដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។នេះបើតាម កិច្ចកិច្ចប្រជុំពិភាក្សាលើប្រធានបទស្តីពី “ការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩ ”កាលទី១០ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនោះ មានការចូលរួមពី ក្រុមប្រឹក្សាភិបាល និងវិនិយោគិន នៃសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការ សមាគម សម្ពន្ធ ស្ថាប័នស្រាវជ្រាវ បណ្តាញ ក្រុម និងបុគ្គលជំនាញចំនួន ១២០ រូប ដែលបានកំពុងបំពេញភារកិច្ចការងារពាក់ព័ន្ធនឹង សេដ្ឋកិច្ចក្រៅប្រព័ន្ធ។

តាមរយៈកិច្ចប្រជុំខាងលើ ភាគីទាំងអស់ បានបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេច ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋខ្មែរ និងជនបរទេសនៅកម្ពុជា ជាពិសេសប្រជាពលរដ្ឋប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាជនងាយរងគ្រោះជាងគេ ក្នុងបរិបទ កូវីដ-១៩ នេះ បានក្លាយជាក្រុមអតិភាពមួយ ក្នុងការទទួលយកនូវវ៉ាក់សាំងកូវីដ-១៩។

កិច្ចប្រជុំក៏បានកត់សម្គាល់នូវសមទ្ធផលសំខាន់ៗ ដែលនាំឲ្យកម្ពុជាក្លាយជាប្រទេសមួយសម្រេចបាននូវអាត្រាការចាក់វ៉ាក់សាំងច្រើនជាងគេលើពិភពលោក និងជាប្រទេសជាប់ លេខ ១ នៅលើពិភពលោក ចំពោះអាត្រាការព្យាបាលនៃជម្ងឺកូវីដ-១៩ (ដោយ Nikkei Covid-19 Recovery Index)។

ទោះយ៉ាងណាក្តី កិច្ចប្រជុំក៏សង្កេតឃើញថា ទោះវិបត្តិកូវីដ-១៩ ត្រូវបានថមថយ តែបរិយាកាសសេដ្ឋកិច្ចសកល និងកម្ពុជា នៅតែរងការគំរាមកំហែងដោយសារសង្គ្រាមនៅអន្តរជាតិ និងសង្គ្រាមត្រជាក់រវាងមហាអំណាច ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាពលរដ្ឋដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ចំនួនប្រជាជនបាត់ការងារធ្វើដែលបានចេញពីសេដ្ឋកិច្ចក្នុងប្រព័ន្ធមកក្រៅប្រព័ន្ធ ក៏មានគួរឲ្យកត់សម្គាល់ និងព្រួយបារម្ភផងដែរ។ ការគាំពាប្រជាពលរដ្ឋ បម្រើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតែមានកម្រិតនូវឡើយ។

ដោយឃើញពីការព្រួយបារម្ភនេះ ទើបតួរអង្គសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ រៀបចំនូវកិច្ចប្រជុំ មកចែករំលែកបទពិសោធន៍ ដែលបានជួបប្រទះ សំដៅស្វែងរកជាដំណោះស្រាយ ដើម្បីលើកស្ទួយប្រជាពលរដ្ឋដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្រោយវិបត្តិកូវីដ-១៩ត្រូវបានថមថយ និងបន្ថែមធាតុចូលជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្នាក់ជាតិ និងក្រោមជាតិបន្តលើកស្ទួយ និងឆ្លើយតបកាន់តែប្រសើរនូវតម្រូវការរបស់ប្រជាពលរដ្ឋប្រកបរបរក្នុងវិស័យនេះ។

ជាលទ្ធផល កិច្ចប្រជុំពិភាក្សាបានទទួលនូវគោលគំនិតដែលជាធាតុចូលយ៉ាងសំខាន់ ពាក់ព័ន្ធនឹង ចំណុចខ្លាំង ចំណុច ខ្សោយ បញ្ហាប្រឈម តម្រូវការ និងសំណូមពរ ជាច្រើនដើម្បីស្ថាប័នទាំងអស់អាចបន្តសហការគ្នា និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយប្រជាពលរដ្ឋក្នុងរបបសេ្ឋកិច្ចក្រៅប្រព័ន្ធក្រោយវិបត្តិកូវីដ-១៩៕