ក្រុមវិនិយោគិនចិន សាទរ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ»

សង្គម​និង​សេដ្ឋកិច្ច

ក្រុមវិនិយោគិនចិនជាច្រើនរូបដែលកំពុងបណ្តាក់ទុនក្នុងខេត្តព្រះសីហនុបានបង្ហាញនូវចំណាប់អារម្មណ៍ និងអបអរសាទរ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាលដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជា​ខេត្ត​ដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញអារម្មណ៍យ៉ាងដូច្នេះពីក្រុមវិនិយោគិនចិនធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី«ការផ្តល់អត្ថប្រយោជន៍ពិសេសជូនវិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ» នាព្រឹកថ្ងៃពុធ ទី១៣ ខែមីនានេះ ស្ថិតនៅសណ្ឋាគារសុខា ដែលរៀបចំដោយក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំពីលោក ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

ក្រុមវិនិយោគិនចិនបានលើកឡើងស្រដៀងគ្នាថា «ពួកគេបានចូលរួមចំណែកជាសក្ខីភាពមួយនៅក្នុងការអភិវឌ្ឍមានសន្ទុះយ៉ាងលឿនរបស់ប្រទេសកម្ពុជា ហើយពួកយើងដែលអ្នកវិនិយោគបរទេសពិតជាអំណរសាទរចំពោះការដាក់ចេញកម្មវិធីពិសេសជំរុញការដោះស្រាយបញ្ហានៅខេត្តព្រះសីហនុពីរាជរដ្ឋាភិបាលកម្ពុជា»។

ទន្ទឹមនឹងនេះក្រុមវិនិយោគិនទាំងនោះសុទ្ធតែបង្ហាញនូវបញ្ហាចំពោះមួយ ហើយស្នើសុំឲ្យក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុធ្វើការដោះស្រាយដើម្បីអាចបន្តការសាងសង់។ ជាការឆ្លើយតបប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានប្រកាសស្វាគមន៍រាល់បញ្ហារបស់ក្រុមវិនិយោគិនចិន ព្រមទាំងស្នើឲ្យមានការដាក់សំណើរមកកាន់ក្រុមការងារចូលរួមប្រឹក្សាយោបល់ និងការរៀបចំការស្នើការលើកទឹកចិត្តពិសេស។

ពាក់ព័ន្ធនឹងការលើកឡើងបញ្ហាចំមុខរបស់ក្រុមវិនិយោគិនចិន លោក ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានលើកឡើងថា ការងារនេះគឺជាជំហានទីពីររបស់ក្រុមការងារ ទី១រឿងដោះស្រាយបញ្ហាអគារជាប់គាំង និងទី២ ជំរុញការវិនិយោគថ្មីឆ្នាំ២០២៤ដើម្បីពង្រីកការវិនិយោគរបស់ក្រុមវិនិយោគ។ លោកបញ្ជាក់ថា ក្រុមការងារជំនាញក្រសួងដែនដីនគរូបណីយកម្ម និងសំណង់ បានចូលរួមធ្វើការវាយតម្លៃសំណង់ គិតគូរពីគុណភាព និងច្បាប់ជាដើម។

សូមជម្រាបជូនថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ត្រូវបានរៀបចំឡើងដោយឈរលើ​ទស្សន​​ទានគោលចំនួន៤រួមមាន៖  ទី១៖ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូល​ដ្ឋាន​សេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម, ទេសចរណ៍ និងការវិនិយោគ ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស ទី៣៖ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែម​ប្រកប​ដោយសង្គតិភាព ទៅនឹងគោលនយោបាយ និង យុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល និងទី៤៖ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និង ការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម និង មានឧត្តមភាពប្រកួតប្រជែងខ្ពស់។

កម្មវិធីពិសេសនេះ មានគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ឱ្យកាន់តែច្រើន និងមានសម្ទុះលឿន ដោយផ្តោតលើគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចចំនួន៣ប្រភេទ រួមមាន៖ ១៖ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និង ចាប់ផ្តើមដំណើរការអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៤ ២៖ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ប៉ុន្តែចាប់ផ្តើម​ដំណើរការ​បាន​ភ្លាមនៅក្នុងឆ្នាំ២០២៤ ៣៖ ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់​លាក់ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤៕