ក្រសួងពាណិជ្ជកម្ម រកចំណូលចូលថវិកាជាតិបានប្រមាណ ១២លានដុល្លារ ត្រឹមពេល ៦ខែឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

ក្រៅពីការសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងស្វែងរកទីផ្សារសម្រាប់ផលិតផល ក្រសួងពាណិជ្ជកម្មនៅបន្តែរកចំណូលចូលថវិកាជាតិ បានប្រមាណជាង៥២.២៨ប៊ីលានរៀល ឬប្រមាណជាង១២លានដុល្លារ រយៈពេល៦ខែ ក្នុងឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម» កាលពីថ្ងៃទី២១ ខែកក្កដាម្សិលមិញ បានលើកឡើងថា  ក្រសួងពាណិជ្ជកម្មក៏ជាក្រសួង ដែលរកចំណូលបំពេញថវិកាជាតិផងដែរ ដោយក្នុងរយៈពេល៥ឆ្នាំកន្លងកន្លងមកនេះ ក្រសួងបានកៀរគរចំណូលបង់ចូលថវិកាជាតិ ប្រមាណ៤៩៧.៤៨ប៊ីលានរៀល ឬប្រមាណជាង១២០លានដុល្លារអាមេរិក ស្មើនឹង១០៦.៦%នៃផែនការថវិកា។

លោក ប៉ែន សុជាតិ

បើតាមលោក ប៉ែន សុជាតិ ចំណូលទាំងនេះបានមកពីការផ្តល់សេវាសាធារណៈ ការផាកពិន័យពីចុះបញ្ជីពាណិជ្ជកម្មនៃការធ្វើអាជីវកម្មផ្សេងៗ និងការផាកពិន័យរបស់អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក ប ប) រួមនឹងការរៀបចំការតាំងពិព័រណ៍ផ្សេងៗ និងសេវាកម្មផ្សេងៗទៀត។

គួររម្លឹកថា ក្នុងឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម រកចំណូលបាន២២០.២៦ប៊ីលានរៀល ឆ្នាំ២០១៩ បានជាង១១៣ប៊ីលានរៀល, ឆ្នាំ ២០២០ ទទួលបានចំណូលជាង ៥២.៨៧ប៊ីលានរៀល និងឆ្នាំ ២០២១ ទទួលបាន៥៨.៩០ប៊ីលានរៀល៕