លោក ជា ចាន់តូ៖ គ្រឹះស្ថានពាណិជ្ជណា នៅបន្តយកអត្តសញ្ញាណប័ណ្ណរបស់អតិថិជន ជាទ្រព្យបញ្ចាំ នឹងរងទណ្ឌកម្ម

សង្គម​និង​សេដ្ឋកិច្ច

ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានហាមមិនឲ្យគ្រឹះស្ថានពាណិជ្ជ យកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសាររបស់អតិថិជន ជាទ្រព្យបញ្ចាំ សម្រាប់ធានាលើការផ្តល់ឥណទាន។ការហាមនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ជូនអ្នកពាក់ពន្ធ័និងសាធារណៈជន នៅក្នុងស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកម្មវិធីនោះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកជាថ្មីថា ហាមផ្ដាច់ចំពោះការយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសាររបស់អតិថិជន ជាទ្រព្យបញ្ចាំ។ ប្រសិនបើគ្រឹះស្ថានពាណិជ្ជ នៅបន្តយកអត្តសញ្ញាណប័ណ្ណ របស់អតិថិជនជាទ្រព្យបញ្ចាំ នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មខាងវិន័យ ស្របតាមមាត្រា៥២ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដូចជា ការពិន័យជាប្រាក់ជាដើម។

លោក ជា ចាន់តូ បានបញ្ជាក់ដូច្នេះថា «ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារធនាគារជាតិនៃកម្ពុជា ហាមដាច់ខាតក្នុងការរក្សាលិខិតយថាភូតច្បាប់ដើម របស់អតិថិជនដូចជា អត្តសញ្ញាណប័ណ្ណ ឬ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ធានាលើការផ្តល់ឥណទាន ព្រោះលិខិតយថាភូតទាំងនេះត្រូវបានប្រើប្រាស់ សម្រាប់បញ្ជាក់អត្តសញ្ញាណ បុគ្គល និងស្រង់ស្ថិតិតែប៉ុណ្ណោះ និងពុំមានតម្លៃសេដ្ឋកិច្ចសម្រាប់ការធានាលើឥណទាន ឬ គោលបំណងផ្សេងទៀតនោះទេ»។

លោកបានបន្ដថា ដូច្នេះបើគ្រឹះស្ថានណានៅបន្តរក្សាទុកលិខិតយថាភូតច្បាប់ដើម របស់អតិថិជនត្រូវប្រគល់ឲ្យអតិថិជនវិញជាបន្ទាន់ ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីប្រទេសជាតិមានសន្តិភាព ប្រទេសជាតិក៏មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាមួយគ្នានេះសន្តិភាព និងស្ថិរភាពនយោបាយ ក៏បានបង្កបរិយាកាស ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យធនាគារ និងហរិញ្ញវត្ថុ ទទួលបានអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ផងដែរ។

វិស័យធនាគារក៏មានការរីកចម្រើនដូចគ្នា បន្ទាប់ពីមានអាជ្ញាធរ ត្រួតពិនិត្យប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ធ្វើឲ្យការខ្ចីបុលផ្លាស់ប្តូរ ពីការខ្ចីបុលក្រៅផ្លូវការ មកជាការខ្ចីបុលពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីផ្តល់ដល់អ្នកមានតម្រូវការសាច់ប្រាក់ ពិតប្រាកដ និងចៀសវាងការកេងប្រវ័ញ្ច។
យ៉ាងណា ទេសាភិបាលធនាគារជាតិនៃកម្ពុជារូបនេះ ក៏បានស្នើដល់គ្រប់គ្រឹះស្ថានត្រូវអនុវត្ត តាមឲ្យមានប្រសិទ្ធភាពខ្ពស់ តាមគោលការណ៍ផ្ដល់ឥណទាន ប្រកបដោយការទទួលខុសត្រូវ ដើម្បីឲ្យទទួលបានផលប្រយោជន៍ ទាំងអ្នកប្រើប្រាស់ និងអ្នកផ្ដល់ឥណទាននៅកម្ពុជា៕