លី យ៉ុងផាត់ អ្នកការទូត​សេដ្ឋកិច្ច និងជាអ្នកជំនួញ​ដ៏​ឆ្នើម​រះពី​ទិ​សនិរតី​នៃកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានមហាជនស្គាល់ទូទៅថា ជាមហាសេដ្ឋីលំដាប់កំពូលមួយនៅកម្ពុជា ដែលក្ដោប​​ក្ដាប់​អា​ណាច​ក្រជំនួញធំៗជាពហុវិស័យ ដូចជា រមណីយដ្ឋាន កាស៊ីណូ សណ្ឋាគារលំដាប់ផ្កាយ៥ ផ្សារលក់ទំនិញបោះដុំ សួនសត្វ ទីក្រុង​​រណប តំបន់សេដ្ឋកិច្ចពិសេស ការនាំចេញបារី ស្ថានីយទូរទស្សន៍ កសិកម្ម ផ្គត់ផ្គង់ទឹកស្អាត និងថាមពលផ្គត់ផ្គង់​អគ្គីសនី​នៅខេត្តកោះកុងជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានសហគ្រិន វិនិយោគិនខ្មែរ និងធុរកិច្ចបរទេសជាច្រើន មិនតិចអ្នកទេដែលស្ងប់ស្ងែងនឹងការនិយោគរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលអាចបង្កើតការងារដល់ប្រជាពលរដ្ឋដើម្បីរកប្រាក់ចំណូល និងបង់ពន្ធជូនរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ផ្អែកលើអាណាចក្រជំនួញដំបូងក្រុមហ៊ុនហ៊ុន L.Y.P Group អ្នកឧកញ៉ា លី យ៉ុងផាត់ បាននឹងកំពុងក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជាមួយផ្នែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។

ជាក់ស្តែង នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មហាសេដ្ឋីដែលរះចេញពីទិសនិរតីនៃកម្ពុជារូបនេះ បាននិងកំពុងពង្រីកការវិនិយោគលើគម្រោងធំៗជាច្រើនគួរឲ្យចាប់អារម្មណ៍ ក្នុងនោះ រួមមានដូចជា៖

-ឆ្នាំ២០១៧ អ្នកឧកញ៉ា លី យ៉ុងផាត់ ចាប់ដៃគូជាមួយនឹងវិនិយោគិនថៃ ដោយបានបោះទុនវិនិយោគរាប់លានដុល្លារ បើកដំណើរការផ្សារលក់ទំនិញបោះដុំ យីហោពីប្រទេសថៃ គឺផ្សារ ម៉ាក្រូ ។

-ឆ្នាំ ២០១៨ បានបោះទុនជាង ១០លានដុល្លារ សាងសង់សួនសត្វភ្នំពេញសាហ្វារី ដែលជាសួនសត្វដ៏ធំជាងគេបំផុតនៅកម្ពុជា ដែលមានផ្ទៃដី ជាង៦០ ហិកតានេះ បាននិងកំពុងបើកដំណើរការទទួលភ្ញៀវចូលទស្សនាជារៀងរាល់ថ្ងៃ។

-ឆ្នាំ២០១៨ ក្រុមហ៊ុន L.Y.P Group បានបើកឲ្យដំណើរការនូវមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ សន្និបាត និងពិព័រណ៍ដ៏ធំប្រណីតមួយ ដែលមានឈ្មោះថា ឌឹ ព្រីមៀរ សែនសុខ សេនធ័រ ដោយបោះទុនវិនិយោគសាងសង់អស់ទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក។

-ឆ្នាំ២០១៨ អ្នកឧកញ៉ា លី យ៉ុងផាត់ សហការវិនិយោគរួមគ្នា ជាមួយនឹងវិនិយោគិនថៃ បោះទុនជាង ១០លានដុល្លារអាមេរិក បើកឲ្យដំណើរការសាកល្បងនូវផ្សារទំនើបលក់គ្រឿងសំណង់ និងសម្ភារលំនៅដ្ឋាន Global House ដ៏ធំជាងគេនៅកម្ពុជា។

ដោយឡែក សម្រាប់កិច្ចការបរទេសវិញ អ្នកឧកញ៉ា លី យ៉ុងផាត់ គឺជាអ្នកការទូតសេដ្ឋកិច្ច និងជំនួញដ៏ប៉ិនប្រសប់មួយរូប ដែលបានគៀងគេវិនិយោគិនបរទេសមកបណ្តាក់ទុនរកស៊ីកម្ពុជា ខណៈដែលលោកក៏ជាធ្លាប់កាន់តួនាទីជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចពិសេសដ៏ឆ្នើមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា។

ឆ្នាំ២០០១ លោកជាប់ឆ្នោតជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ ឆ្នាំ២០០៥ ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់នៃសមាគមចិនគ្រួសារត្រកូល លី។ ពីឆ្នាំ២០០៦រហូតដល់បច្ចុប្បន្ន លោកឧកញ៉ា លី យ៉ុងផាត់ ក៏បានក្លាយជាសមាជិកព្រឹទ្ធសភានៃកម្ពុជា។
បច្ចុប្បន្ននេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏កំពុងកាច់ចង្កូតដឹកនាំដោយផ្ទាល់ទៅលើសមាគមឧកញ៉ានៅកម្ពុជាទៀតផង។

អ្វីដែលជាការគូសបញ្ជាក់ក្នុងការគៀងគរអ្នកវិនិយោគ អ្នកឧកញ៉ា លី យ៉ុង ផាត់ មានទំនាក់ទំនងល្អជាមួយអ្នកជំនួញ និងមន្រ្តីជាច្រើនក្នុងប្រទេសថៃ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកឧកញ៉ាប្តូរចង្កួតការទូតបង្វែរទៅគៀងគរក្រុមវិនិយោគិនចិន និងលោកខាងលិចវិញម្តង។
ជាក់ស្តែង អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បាននិងកំពុងសាងសង់គម្រោងទីក្រុងមិត្តភាពកម្ពុជា-ចិន ក្នុងទឹកដីអភិវឌ្ឍន៍ទីក្រុងរណប ហ្គាឌិន ស៊ីតធី ហើយត្រូវបានរំពឹងថា គ្រោងចំណាយទុនជាង ១.៥០០ លានដុល្លារអាមេរិក ដែលវិនិយោគរួមគ្នា រវាងក្រុមហ៊ុន LYP Group ជាមួយនឹងក្រុមហ៊ុនចិន។

ក្រៅពីអាណាចក្រជំនួញប្រាក់ពាន់លាននៅរាជធានីភ្នំពេញ អ្នកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានមហាជនស្គាល់ភាគច្រើនថាជា“ស្តេចកោះកុង” ។ មែនទែនទៅ រហ័សនាម “ស្តេចកោះកុង”នេះ ទំនងដោយ សារតែអ្នកឧកញ៉ា មានកំណើតកើតជានៅទីនោះ និងបានក្លាយជាអ្នកជំនួញដ៏មានឥទ្ធិពលល្បីល្បាញ និងចាក់គ្រឹះយ៉ាងរឹងមាំ នៅខេត្តជាប់ព្រំដែនថៃ។ លើសពីនេះអ្នកឧកញ៉ា ក៏កំពុងក្តោបក្តាប់សេដ្ឋកិច្ច ខេត្តកោះកុងផងដែរ៕

364 Shares