អាជ្ញាធរ នឹងចុះផ្តល់សេវាពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

ការចុះផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពពត៌មានអចលនទ្រព្យនៅខេត្តព្រះសីហនុ នឹងចាប់ផ្តើមនាឆាប់នេះ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តនេះ កំពុងបើកកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈអនុវត្តន៍ផងដែរ។ កាលថ្ងៃទី១៦ ខែកញ្ញានេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមលក្ខណៈចុះផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពពត៌មានអចលនទ្រព្យនៅខេត្តព្រះសីហនុ ជាមួយភាគីពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា គិតមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សាខាពន្ធដារខេត្តព្រះសីហនុ បានធ្វើការផ្សព្វផ្សាយ និងជំរុញម្ចាស់អចលនទ្រព្យឱ្យមកប្រកាសបង់ពន្ធនៅតាមសាខាពន្ធដារខេត្តព្រះសីហនុ ដើម្បីធ្វើការសហការផ្សព្វផ្សាយបន្តបានចំនួន ៨០៣៦ សាខាបានជូនដំណឹងដល់ម្ចាស់អចលនទ្រព្យដែលបានសាងសង់អគារថ្មី មានការកែប្រែស្ថានភាពអាគារដោយធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ សាខាក៏បានផ្សព្វផ្សាយលើការបង់ពន្ធលើអចលនទ្រព្យតាមរយៈការចងបដានៅតាមទីសាធារណៈចំនួន១០ទីតាំង និងបានផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម។

លោកបន្តថា ចំពោះការងារផ្តល់សេវាជូនចំពោះអ្នកជាប់ពន្ធ ដើម្បីបញ្ចៀបវប្បធម៌បង់ពន្ធសំដៅពង្រឹងកែលម្អសេវាជូនអ្នកជាប់ពន្ធ សាខាពន្ធដារខេត្តព្រះសីហនុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីពន្ធដារក្នុងខែសីហា ឆ្នាំ២០២២កន្លងមកនេះ បានមួយលើកមានអ្នកចូលរួម ៥៨នាក់ ដោយឡែកសម្រាប់ ៨ខែដើមឆ្នាំ២០២២នេះ សាខាបន្ធដារបានធ្វើសិក្ខាសាលាចំនួន ៥លើក សាខាបានឆ្លើយតបនឹងសំនួរ ចម្ងល់របស់អ្នកជាប់ពន្ធ សាខាបានបង្កើតក្រុមការងារចុះអង្កេតសហគ្រាសមួយក្រុម និងក្រុមការងារចុះជំរឿនពន្ធលើឈ្នួលផ្ទះបំរុង តែមិនទាន់បានអនុវត្តផងដែរ។

ជាមួយគ្នានេះ លោក កែន សម្បត្តិ អគ្គនាយករង នៃអគ្កនាយកដ្ឋានពន្ធដារ បានលើកឡើងថា ដើម្បីត្រៀមផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តព្រះសីហនុ ដោយមានការយកចិត្តទុកដាក់លើសេវាពន្ធដារ និងការចុះបញ្ជីអចលនទ្រព្យប្រព្រិត្តឹទៅរលូនតាមការគ្រោងទុក ក្នុងបរិបទកូវីដធូស្រាល។ លោកថា ការចុះបញ្ជីអចលនទ្រព្យមានទិន្នន័យច្បាស់លាស់ ក្នុងការធ្វើទំនើបកម្ម ជម្រុញបញ្ចូលទិន្នន័យពត៌មាន អំពីពន្ធអចលនទ្រព្យជាពន្ធរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

យ៉ាងណា អគ្គនាយករង នៃអគ្កនាយកដ្ឋានពន្ធដាររូបនេះ ក៏សុំកិច្ចសហការពីរដ្ឋបាលខេត្ត ក្រុង និងអាជ្ញាធរដែនដីចូលរួមជាមួយក្រុមការងារក្នុងការចុះស្រង់ព័ត៌មាន ទិន្នន័យសេវាពន្ធដារ និងទិន្នន័យក្បាលដី និងពន្ធផ្សេងៗទៀតក្នុងខេត្តព្រះសីហនុ មានដូចជាពន្ធលើប្រាក់ជួលផ្ទះ ពន្ធលើសហគ្រាស និងពន្ធផ្សេងៗទៀតដើម្បីធានាសមធម៌តាមរយៈយន្តការគោលនយោបាយការប្រមូលពន្ធនៅកម្ពុជាផងដែរ៕