រាជរដ្ឋាភិបាល សម្រេចរៀបចំដាក់ឱ្យដំណើរការកម្មវិធី ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារងាយ​រងហានិ​ភ័យ ដើម្បី​ឆ្លើ​យតប​នឹងសម្ពាធ​អតិផរណា

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល សម្រេចរៀបចំនិងដាក់ឱ្យដំណើរការ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយ រងហា​និភ័យ ក្នុងអំឡុង​ពេល​​មានសម្ពាធអតិផរណា» ដែលជាកម្មវិធីជំនួយសង្គមពិសេសមួយ មាន​គោល​បំណងជួយស្រូបយកសម្ពាធពីការកើន​ឡើង​ខ្ពស់នៃអតិផរណានេះ ក្នុងមួយគ្រា និងផ្តល់​ជូនគ្រួសារ​​ប្រជាពលរដ្ឋងាយរងហានិភ័យ នៅទូទាំងប្រទេសកម្ពុជា ដែល​នឹងត្រូវ​បានកំណត់អត្តសញ្ញា​ណច្បាស់លាស់ និងត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រាជរដ្ឋាភិបាល តាមរយៈក្រសួងផែនការដែលជាសេនាធិការ នឹងចាប់ផ្តើមកំណត់​អត្តសញ្ញាណគ្រួសារ​ងាយរងហានិភ័យ នៅទូទាំងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋគោលដៅ ដែលមានជីវភាពទាប និងមាន​ភាពងាយរងគ្រោះ ដែលលក្ខណ​សម្បត្តិ​ឆ្លើយតបទៅលក្ខខណ្ឌវិនិច្ច័យ នៃគ្រួសារប្រជាពលរដ្ឋងាយ​រងហានិភ័យ នៅទូទាំងប្រទេសនឹងទទួលបានការវាយតម្លៃ តាម​រយៈការធ្វើកិច្ចសម្ភាសន៍តាមទូរសព្ទ និងតាប្លែត ដោយអាជ្ញាធរមូលដ្ឋាន និងមានការគាំទ្រពីកម្លាំងស្ម័គ្រចិត្ត ក្រោម​ការដឹក​នាំ និងគ្រប់គ្រងដោយក្រសួងផែនការ និងដោយមានការសម្របសម្រួលពីក្រុមប្រឹក្សាជាតិគាំពារសង្គម។

ភាពងាយរងគ្រោះនៃ «គ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យ» ត្រូវបានកំណត់ដោយផ្តោត​លើគ្រួសារ​ដែលរស់នៅ​កៀក​នឹងបន្ទាត់នៃភាពក្រីក្រ ដោយមានរួមបញ្ចូលនៅក្នុងគ្រួសារនោះ នូវជនទាំងឡាយ ដូចតទៅ៖ ជនមានពិការភាព, កុមារ​អាយុក្រោម ២ឆ្នាំ, ជនចាស់ជរាមានអាយុចាប់ពី ៦០ឆ្នាំឡើង, ស្ត្រីជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី, គ្រួសារ​ដែល​មាន​​សមាជិកសុទ្ធសឹងជាកុមារ និងមនុស្ស​ចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី ១៩-៥៩ ឆ្នាំ)។

កម្រិតប្រាក់​ឧបត្ថម្ភ, យន្តការ, នីតិវិធី, និងកាលបរិច្ឆេទនៃការដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់​ប្រាក់នេះ នឹងត្រូវ​កំណត់​ដោយសេចក្តីសម្រេចរបស់ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នាពេលក្រោយ៕