សម្តេចតេជោ ហ៊ុន សែន៖ ការដាក់ចេញច្បាប់វិនិយោគថ្មី ក្នុងបំណងទាក់ទាញការវិនិយោគសម្រាប់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅព្រឹកថ្ងៃទីទី៦ ខែតុលានេះ បានអះអាងថា ការសម្រេចដាក់ចេញនូវច្បាប់ស្តីពីវិនិយោគកម្ពុជា ក្នុងគោលបំណងសំខាន់ ដើម្បីទាក់ទាញការវិនិយោគសម្រាប់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «កាលពីខែតុលា ឆ្នាំ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់វិនិយោគថ្មីដោយមានការកំណត់នូវការផ្តល់ការលើកទឹកចិត្ត និងការការពារដល់វិនិយោគិនជាក់លាក់ និងច្បាស់លាស់ ក្នុងបំណងបង្កើនការទាក់ទាញការវិនិយោគសម្រាប់កម្ពុជា»។

បន្ថែមលើនេះ សម្តេចបន្តថា ដើម្បីអនុវត្តន៍ច្បាប់នេះកាន់តែមានប្រសិទ្ធិភាព រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងបាននិងកំពុងជំរុញការអនុវត្ត ឯកសារគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗ ដូចជាវិស័យកាត់ដេរ យានយន្ត អេឡិចត្រូនិក កសិកម្ម ទេសចរណ៍ ប្រៃសណីយ៍ និងប្រសិទ្ធភាពថាមពលជាដើមផងដែរ។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ កម្ពុជាបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីវិនិយោគថ្មី ដែលជាក្របខ័ណ្ឌគតិយុត្តបើកចំហមានតម្លាភាព ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដែលមានលក្ខណៈអនុគ្រោះយ៉ាងច្រើនពិសេសលើផ្នែកពន្ធដារជាដើម។

ទាក់ទិននឹងការដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីវិនិយោគថ្មីនេះដែរ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិនិយោគនៅកម្ពុជា យល់ថា ច្បាប់នេះនឹងផ្តល់ផលចំណេញជាច្រើននៅកម្ពុជា ព្រោះច្បាប់នេះ បានបង្កើតរបបលើកទឹកចិត្តផ្នែកពន្ធ ដែលមានភាពច្បាស់លាស់, មុតស្រួច, ចំគោលដៅជាងមុន និងអាចប៉ាន់ប្រមាណទុកជាមុនបាន ទៅលើវិស័យដែលរាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត ជាពិសេសវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់, មានតម្លៃបន្ថែមខ្ពស់, បង្កើនតំណភ្ជាប់កម្ពុជាទៅកាន់ខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃនៅក្នុងតំបន់ និងសកលថែមទៀត៕