CDC ពិនិត្យលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៣ ក្រោមទុនជិត១០០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង ដែលមានទុនវិនិយោគសរុបរហូតដល់ ៩៩លានដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាម“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១៣ ក្នុងឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៩៩លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៥,៥ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន១១គម្រោង (ផ្គុំដំទ្បើងរថយន្ត, ផលិតសម្ភារៈបរិក្ខាសម្រាប់កន្ទុយសណ្តោងរថយន្តនិងគ្រឿងបន្ទាប់បន្សំ, ផលិតសម្ភារៈបំពាក់និងតុបតែងរថយន្ត, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ បរិក្ខារអគ្គិសនីលម្អ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ, ផលិតក្រដាសកាតុង, , ផលិតអេប៉ុង , ផលិតថង់ប្លាស្ទិក បង់ស្អិត និងក្រដាសម៉ាកឃឺ) និងវិស័យកសិ-ឧស្សាហកម្មចំនួន២គម្រោងគឺគម្រោងរោងចក្រកែច្នៃជ័រកៅស៊ូ។

គម្រោងវិនិយោគទាំង១៣ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងត្បូងឃ្មុំ។

សូមជម្រាបជូនថា បើគិតពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០គម្រោង កើនឡើងចំនួន ២០៦គម្រោង ស្មើនឹងប្រមាណ ៨៨% ខណៈទំហំទុនវិនិយោគមានប្រមាណ ៦,៧ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាការកត់សម្គាល់ ត្រឹមតែរយៈពេល ៧ខែនៃឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ លើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ២៦គម្រោង៕ អត្ថបទ៖ ហ្សាលី