ក្រុម KHMER UNITED របស់ឧកញ៉ា គីម ហ៊ាង ឈ្នះពាន KW Cambodia League 2022

ជុំវិញ​ឧកញ៉ា

ក្រោយដំណើរការប្រកួតអស់រយៈពេល​​ ១១សប្តាហ៍ រវាង​ក្រុមបាល់ទាត់ពាក់កណ្តាលអាជីព ចំនួន ១៨ក្រុម និង​​លេង​ ៧២​ប្រកួត ទីបំផុត​ក្រុម KHMER UNITED របស់ឧកញ៉ា គីម ហ៊ាង ​​បាន​ឈ្នះ​ពាន​​​រង្វាន់​បាល់ទាត់​ពាក់​កណ្តាល​អាជីព KW Cambodia League 2022 ​​​បន្ទាប់ពី​យក​ឈ្នះ​លើ​ក្រុម TN Kandal FC ​​ក្នុង​លទ្ធផល​ដ៏​ស្វិត​ស្វាញ ​​១-០ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ​​​​នៅ​តារាង​បាល់ទាត់វិទ្យាល័យបឹងត្របែក ​​កាល​ពី​​ល្ងាច​​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។​​​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មួយ​គ្រាប់​ដ៏​មាន​អត្ថន័យ​របស់​ក្រុម KHMER UNITED ​​គឺ​រក​បាន​ដោយ​​​ខ្សែ​បម្រើ​លេខ​៨ កែវ ជាតួ ​​​តាម​រយៈ​​ការ​លើក​បាល់​ជ្រុង​បញ្ចូល​ទី​តែ​ម្តង​ នៅ​នាទី​ទី​១៩។ ចំណែក​ឯ​ខ្សែ​ប្រយុទ្ធ​ គីម ហ៊ាង ពាក់លេខ​១០ របស់​ក្រុម KHMER UNITED ​​​​ពុំ​បាន​ចូល​​​លេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​ទេ ដោយសារ​លោក​មាន​បញ្ហា​របួស​សរសៃ​សាច់​ដុំ អំឡុង​ពេល​ហ្វឹកហាត់​ខ្លាំង​ពេក។ ទោះ​យ៉ាងណា លោកឧកញ៉ា ​​ក៏​បាន​ទៅ​ចូល​រួម​ជា​គណៈ​អធិបតី ដើម្បី​លើក​ទឹកចិត្ត​ក្រុម និង​ចែក​រង្វាន់​ជូន​ក្រុម​កីឡាករ​ផង​ដែរ។

ពានរង្វាន់​បាល់ទាត់​ KW Cambodia League ត្រូវបាន​បង្កើត​ឡើង​ដោយ​ ឧកញ៉ា គីម ហ៊ាង តាំងពីឆ្នាំ២០១២ ហើយឆ្នាំ​​នេះ​ជា​រដូវ​កាល​ទី​១០​​ហើយ ដោយ​មានក្រុមចូល​រួម​ប្រកួត ១៨ក្រុម និងមាន​កីឡាករ​​ចូល​រួម​ប្រកួត​សរុប​ជាង ៥០០នាក់ ពិសេសមានកីឡាករបរទេស​ចំរុះ​ជាតិ​សាសន៍ជិត ២០០នាក់ចូលរួមប្រកួត ១១សប្តាហ៍។ ​ការ​ប្រកួត​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ពូល​ គឺ​ពូល​ A ​​មាន​ ៩​ក្រុម និង​ពូល B ​​មាន​៩​ក្រុម ហើយ​ក្រុម​ដែល​ឈ្នះ​ពាន ​​នឹង​ទទួល​បាន​​ប្រាក់​រង្វាន់​ប្រមាណ ១​ម៉ឺន​ដុល្លារ រួម​ជាមួយ​នឹង​មេដាយ​មាស និង​ពាន​រង្វាន់​ផង​ដែរ។

KW Cambodia League ប្រចាំឆ្នាំ២០២២នេះ នាំមកជូនដោយ៖ បុរី វិមានសំណាង Borey Vimean Samnang ជាលំនៅឋានបែបអភិជន, បុរី ខេអេស រ៉េស៊ីដេន Borey KS Residence ស្ថិតលើផ្លូវជាតិលេខ១ ១៥នាទីពីច្បារអំពៅ និងក្រុមហ៊ុនអចលនទ្រព្យ Keller Williams Cambodia ដែលជាក្រុមហ៊ុនអាមេរិកលេខ១ ក្នុងការទិញលក់អចលនទ្រព្យ ដោយមានលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia ទូទាំងប្រទេស ជាអ្នកឧបត្ថម្ភនិងគាំទ្រផ្ដាច់មុខ៕