លោកជំទាវ ហ៊ុន ម៉ាណា ក្លាយជាប្រធានក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិដំបូងដឹកនាំក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយិកាក្រុមហ៊ុនទូរទស្សន៍ បាយ័នគ្រុប លោកជំទាវ ហ៊ុន ម៉ាណា ត្រូវបានជ្រើសតាំង ជាប្រធានក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិដំបូង ដឹកនាំក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា។ នេះបើយោងតាមពិធីចុះហត្ថលេខាលើឯកសារ «លក្ខន្តិកៈក្រុមហ៊ុន» ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឯកសារ «លក្ខន្តិកៈក្រុមហ៊ុន» នេះ សម្រេចចំនួនសមាសភាពក្រុមប្រឹក្សាភិបាល ៧រូប ដែល១រូប តំណាងមកពីរាជរដ្ឋាភិបាល និង៦រូបទៀត តំណាងមកពីក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា។ ហើយ លោកជំទាវ ហ៊ុន ម៉ាណា ត្រូវបានជ្រើសតាំង ជាប្រធានក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិដំបូង។ 

ក្រុមហ៊ុន «ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា» បង្កើតឡើងដោយរាជរដ្ឋាភិបាល និងក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា ដែលមានលោកជំទាវ ហ៊ុន ម៉ាណា ពីមកក្រុមហ៊ុនទូរទស្សន៍បាយ័ន គ្រុប, អ្នកឧកញ៉ា គិត ម៉េង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៊ឹង ឆៃងួន ។

សូមបញ្ជាក់ថា ក្រុមហ៊ុន “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” នឹងផ្ដល់ជូនសេវាកម្មទូរទស្សន៍ឌីជីថល ដែលមានកម្មវិធីច្រើនប៉ុស្តិ៍ និងជម្រើសច្រើនប្រភេទដ៏សម្បូរបែប ប្រកបដោយគុណភាពខ្ពស់ សំដៅលើកស្ទួយការផ្ដល់ ព័ត៌មាន ចំណេះដឹង ការកម្សាន្ត និងទស្សនីភាពដល់ប្រជាជននៅទូទាំងប្រទេសកម្ពុជា ព្រមទាំងឈានទៅសម្រេចឲ្យបានស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ដោយតម្រូវឲ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់សេវាថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា និងបន្តការផ្សាយព្រមគ្នា ជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នាមុននឹងដល់ដំណាច់ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ។