កម្ពុជា ជំរុញផលិតកម្ម​ពូជ​ស្រូវ​សុទ្ធ ដើម្បី​ធានា​បាន​នូវភាព​សុទ្ធ​នៃ​គ្រាប់​អង្ករ​​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២២២ បានបើក​ប្រជុំ​ពិគ្រោះ​យោបល់រៀបចំផែនការជំរុញផលិតកម្ម​ពូជ​ស្រូវ​សុទ្ធ ធ្វើយ៉ាងណាឱ្យកសិករទទួល បានតម្លៃពូជស្រូវសមរម្យ បង្កើនផលិតភាព និងទទួលបានប្រាក់ចំណេញខ្ពស់ ខណៈបញ្ហាពូជនេះ បានធ្វើឱ្យប៉ះពាល់ការនាំអង្ករទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា «អាទិភាព​ចំពោះ​មុខ គឺផែនការ​សកម្មភាព​ស្ដី​ពី​ការ​ជំរុញ​ផលិតកម្ម និង​ការ​ប្រើ​ប្រាស់​ពូជ​ស្រូវ​ដែល​មាន​គុណភាពល្អក្នុង​បរិមាណ​ទាប តែ​ផ្ដល់​ទិន្និផលស្រូវ​ខ្ពស់ មាន​អត្រា​ដំណុះ​គ្រាប់​ក្នុង​ស្រែ​ខ្ពស់ លឿន មាន​កម្លាំង​ខ្លាំង ធន់​នឹង​ជំងឺ​និង​សត្វ​ល្អិត ដំណាំស្រូវ​ទុំ​ស្រុះ​គ្នា​ល្អ និង​មាន​អត្រា​លាយ​គ្រាប់​ពូជ​ផ្សេង​និង​គ្រាប់​ខ្មៅ​ចង្រៃ​ទាប ដែល​នឹង​រួម​ចំណែក​ឱ្យ​ស្រូវ​អង្ករ​មាន​តម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ»​។

​រដ្ឋមន្ដ្រីកសិកម្មថ្មីរូបនេះ ក៏បានលើកទឹកចិត្ត​ឱ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ជា​ពិសេស​វិស័យ​​ឯកជន ដើម្បីធានា​ថា ពូជ​ស្រូវ​សុទ្ធ​ដែល​ប្រជាកសិករ​ផលិត​បាន នឹង​មាន​ទីផ្សារ​ទទួល​ទិញ​យក​ទៅ​ដាំ​ដុះ​បន្ត​។

ជាមួយគ្នានេះលោក​ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គ​នាយក​នៃ​ក្រុមហ៊ុន Mekong Oryza Trading Co., Ltd បានបង្ហាញការគាំទ្រ​ចំពោះ​គំនិត​ផ្ដួច​ផ្ដើម​របស់​ឯកឧត្តម​រដ្ឋមន្ដ្រី ក្នុង​ការ​ផលិត​ពូជ​ស្រូវ​សុទ្ធ​ដើម្បី​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​សម្រាប់​កសិករ​ ព្រោះការ​ប្រើ​ប្រាស់​ពូជ​ស្រូវ​សុទ្ធ នឹង​អាច​ធានា​បាន​នូវភាព​សុទ្ធ​នៃ​គ្រាប់​អង្ករ​​សម្រាប់​ការ​ដាក់​លក់​លើ​ទីផ្សារ ទាំង​ទីផ្សារ​ក្នុង​ស្រុក និង​ទីផ្សារ​បរទេស​។

យ៉ាងណា តាមរយៈកិច្ចប្រជុំខាងលើ សហព័ន្ធស្រូវអង្ករកម្ពុជា ​​ក៏បាន​ស្នើ​ដល់ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម ​ជួយ​សម្រួល​ខ្សែ​ច្រវាក់​ផលិតកម្ម ដើម្បី​កាត់​បន្ថយ​ចំណាយ និង​បង្កើន​ប្រាក់​ចំណេញ​កសិករ​ ក៏​ដូច​ជា​​ជំរុញ​ការ​នាំ​ចេញអង្ករ​​ទៅ​កាន់​ទីផ្សារ​ដែល​មាន​សក្ដានុពល​ថ្មី​ៗ​បន្ថែម​ទៀត​ផងដែរ៕