ក្រសួងប្រៃសណីយ៍ នឹងចាត់ការម្ចាស់បុរី និងអគារណា ដែលទារលុយជាថ្នូរមុននឹងឱ្យតភ្ជាប់អ៊ីនធឺណិត

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានព្រមានចាត់វិធានការចំពោះម្ចាស់បុរី និង​ម្ចាស់​អគារ​សហកម្ម​សិទ្ធិដែលទាមទារថវិកាពីក្រុមការងារដើម្បីជាថ្នូរនឹងការអនុញ្ញាតឱ្យចុះទៅតភ្ជាប់អ៊ីនធឺណិតចូលក្នុងលំនៅឋានរបស់ពលរដ្ឋក្នុងបុរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងប្រៃសណីយ៍ បានប្រកាសថា នឹងចាត់ការបែបនេះ ក្រោយ​ពីមានក្រុម​ការងារលើក​កម្ពស់គុណ​ភាព​សេវាអ៊ីនធឺណិតនៅតាមបុរីក្នុងរាជធានីភ្នំពេញ ចំនួន៨ ជួបការ​លំបាកក្នុងការ​តភ្ជាប់បណ្តាញ​សេវាអ៊ីន​ធឺ​ណិតក្នុងបុរី និងអគារសហកម្មសិទ្ធិមួយចំនួន។

ក្រសួងប្រៃសណីយ៍បានអំពាវនាវដល់ម្ចាស់បុរី និងអគារ បញ្ឈប់ការ​ទារលុយ​ជាថ្នូរ​នឹង​ការ​អនុញ្ញាត​ឱ្យត​ភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតចូលក្នុងលំនៅដ្ឋានរបស់អ្នកប្រើប្រាស់នៅក្នុងបុរីនិងអគារសហកម្មសិទ្ធិ ដែល​ផ្ទុយនឹងច្បាប់ស្តីពីទូរគមនាគមន៍។

ជាមួយគ្នានេះ ម្ចាស់បុរី និងអគារ ត្រូវបញ្ឈប់ប្រតិបត្តិការផ្តល់សេវាអ៊ីនធឺណិតដោយខ្លួនឯង និង​គ្មានអាជ្ញា​បណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជានៅក្នុងបុរីនិងអគារសហកម្មសិទ្ធិ។

ក្នុងករណីម្ចាស់បុរីនិងអគារសហកម្មសិទ្ធិមួយចំនួនតូចនៅតែបន្តធ្វើសកម្មភាពខាងលើ ក្រសួង​ប្រៃសណីយ៍​នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្រប​តាមច្បាប់​ស្តីពី​ទូរគមនាគមន៍​និងលិខិតបទ​ដ្ឋានគតិ​យុត្ត​ជាធរមាន។

ក្រសួងបានអំពាវនាវដល់ប្រតិបត្តិករទូរគមនាគមន៍ និងពលរដ្ឋ ប្រសិន​ជួបប្រទះ​នូវបញ្ហានេះ​សូមផ្ដល់​ព័ត៌មានមកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ Hotline ៦៧៨៩ និង​ផ្ញើសារ​មកកាន់​អីមែល [email protected]