គណៈប្រតិភូសមាគមជប៉ុន-កម្ពុជា បានបង្ហាញពីបំណងចង់វិនិយោគការលើវិស័យវារីវប្បកម្មត្រីទីឡាបព្យា និងការផលិតចំណីត្រី សំដៅពង្រឹងខ្សែច្រវាក់តម្លៃកសិផលកម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន។នេះបើយោងតាមជំនួបពិភាក្សារវាងលោក ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) កាលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។

នាជំនួបពិភាក្សានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត បានទទួលស្តាប់របាយការណ៍វឌ្ឍនភាព និងគោលបំណងរបស់សមាគម ដែលមានបំណងពង្រឹង និងពង្រីកការវិនិយោគក្នុងប្រទេសកម្ពុជា រួមមាន៖ ការកែច្នៃកសិផលសូត្រសម្រាប់គ្រឿងសម្អាង ការកែច្នៃគ្រាប់ស្វាយចន្ទី កាកសំណល់សំបកស្វាយចន្ទី វារីវប្បកម្មត្រីទីឡាបព្យា និងការផលិតចំណីត្រី សំដៅពង្រឹងខ្សែច្រវាក់តម្លៃកសិផលកម្ពុជា ទៅកាន់ទីផ្សារជប៉ុន។
ជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះគោលបំណងបង្កើនការវិនិយោគក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់នូវធាតុចូលសំខាន់ៗពាក់ព័ន្ធការវិនិយោគ ដំណោះស្រាយបញ្ហាប្រឈម ក៏ដូចជាច្បាប់ស្តីពីការវិនិយោគ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន វិនិយោគចំគោលដៅ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានផលចំណេញសេដ្ឋកិច្ច បង្កើនតម្លៃបន្ថែមសម្រាប់កសិផលកម្ពុជា និងជាពិសេសការជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
តាមរយៈជំនួបនោះ ក្រសួងកសិកម្ម ក៏បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន និងបានលើកទឹកចិត្តដល់សមាគមក្នុងការទាក់ទាញកៀរគរវិនិយោគិនជប៉ុនមកវិនិយោគ ជាពិសេសលើការកែច្នៃផលិតផលកសិកម្ម ដែលមានសក្ដានុពល និងជាតម្រូវការទីផ្សារប្រទេសជប៉ុន ក៏ដូចជាប្រទេសផ្សេងទៀត ក្នុងប្រទេសកម្ពុជាថែមទៀត ក្នុងគោលដៅអភិវឌ្ឍន៍វិស័យកសិកម្ម ឈានទៅរកការកែច្នៃកសិផលសក្តានុពលកម្ពុជា ជាមួយបច្ចេកវិទ្យាជប៉ុន និងកសាងភាពជាដៃគូយូរអង្វែង ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕អត្ថបទ៖ហ្សាលីន





