ឧកញ៉ា ចាន់ សុឃាំង ជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុន Signature of Asia Co Ltd ​​បាន​​ជាប់​ឆ្នោត​ជាប្រធាន​សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា សម្រាប់​អាណត្តិទី៤ ជំនួស​លោក​ឧកញ៉ា សុង សារ៉ន ​​ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ពិធី​សន្និបាត និងការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុម​ប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ សម្រាប់អាណត្តិទី៤ នៅ​រសៀល​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ២០២២​នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាលទ្ធផល​បោះឆ្នោត​បាន​សម្រេច​ដូច​​តទៅ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ បានទៅលើ ឧកញ៉ា ចាន់ សុឃាំង ដែល​ជា​អតីត​អនុប្រធាន​សហព័ន្ធ​ ទទួលបានសំឡេង ១២៨សម្លេង។ ចំណែក​ឯ​ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បាន​ទៅ​លើ ឧកញ៉ា សុង សារ៉ន បានសំឡេង ២៤ លើ ២៥រូប នៃចំនួនក្រុមប្រឹក្សាភិបាលទាំងអស់។ ​​លោក​ឧកញ៉ា សុង សារ៉ន ​​នឹង​​​ឡើង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ជំនួសលោក​​ឧកញ៉ា ហ៊ុន ឡាក់។

សូម​ជម្រាប​ជូន​​ថា សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានបង្កើតឡើងក្រោមកិច្ចប្រឹងប្រែង​សម្របសម្រួលរបស់​ក្រសួង​ពាណិជ្ជកម្ម នៅឆ្នាំ២០១៤ ហើយបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ​២២៨ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ដោយស្ថិតក្រោមអាណាព្យាបាល​បច្ចេកទេសរបស់​ក្រសួង​ពាណិជ្ជកម្ម ដែលជាដៃគូរាជរដ្ឋាភិបាលតែមួយគត់ ក្នុងការអនុវត្តគោលនយោបាយ​ស្តីពីការជំរុញ​ផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលរហូតដល់ពេលនេះមានរយៈពេល ៩ឆ្នាំ មក​ហើយ៕

0 Shares