សមាគមធនាគារនៅកម្ពុជា ផ្ញើលិខិតអបអរសាទរឧកញ៉ា ចាន់ សុឃាំង ជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា

ជុំវិញ​ឧកញ៉ា

លោក Raymond Sia Say Guan ប្រធាន​សមាគម​ធនាគារនៅកម្ពុជា ​​បាន​ចេញ​លិខិត​អបអរសាទរ​ជូន​ចំពោះ​ឧកញ៉ា ចាន់ សុឃាំង ​​ដែល​ត្រូវ​បាន​សមាជិក សមាជិកា បោះឆ្នោត​ជ្រើស​តាំង​ជា​ “ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា” ​ក្នុង​អាណត្តិ​ទី​៤ កាល​ពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក Raymond Sia Say Guan ប្រធាន​សមាគម​ធនាគារនៅកម្ពុជា

ក្នុង​លិខិត​អបអរសាទរ​នេះ ​​សមាគម​ធនាគារ​នៅកម្ពុជា ជឿជាក់​ថា ក្រោមការ​ដឹក​នាំ​របស់​ឧកញ៉ា ចាន់ សុឃាំង ​ប្រកប​ដោយ​ឆន្ទៈមោះមុត និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ នឹង​ដឹកនាំ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឆ្ពោះ​ទៅ​រក​ភាព​រីក​ចម្រើន និង​សម្រេច​បាន​នូវ​សមិទ្ធិផល​ជា​ច្រើន​បន្ត​ទៀត។ ក្នុង​ឱកាស​នេះ​ដែរ ​​ក្នុង​នាម​ជា​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា លោក Raymond Sia Say Guan ​សូម​ស្វាគមន៍​​យ៉ាង​កក់​ក្តៅ​អស់​ពី​ចិត្ត​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង សមាគម​ធនាគារ​នៅកម្ពុជា និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​ការ​ជំរុញ និង​តភ្ជាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ជាមួយ​វិស័យ​កសិកម្ម​ស្រូវ​អង្ករ ឱ្យ​កាន់​តែ​រឹងមាំ និង​រីក​ចម្រើន​បន្ថែម​ទៀត ដើម្បី​ចូល​រួម​គាំទ្រ និង​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។

គួររំឮកថា តាមរយៈកម្មវិធីមហាសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតក្រុមប្រឹក្សាភិបាល អាណត្តិទី៤ ដែលប្រព្រឹត្តឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២​ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា លោកឧកញ៉ា សុង សារ៉ន និងលោកឧកញ៉ា ចាន់ សុឃាំង ទទួលនូវសេចក្តីទុកចិត្តពីសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការបោះឆ្នោត​គាំទ្រឱ្យក្លាយជាប្រធានក្រុមប្រឹក្សាភិបាល និងជា​ប្រធាន​សហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្តិទី៤។

យ៉ាងណាមិញ​ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ បានទៅលើ ឧកញ៉ា ចាន់ សុឃាំង ដែល​ជា​អតីត​អនុប្រធាន​សហព័ន្ធ​ ទទួលបានសំឡេង ១២៨សម្លេង។ ចំណែក​ឯ​ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បាន​ទៅ​លើ ឧកញ៉ា សុង សារ៉ន បានសំឡេង ២៤ លើ ២៥រូប នៃចំនួនក្រុមប្រឹក្សាភិបាលទាំងអស់។ ​​លោក​ឧកញ៉ា សុង សារ៉ន ​​នឹង​​​ឡើង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ជំនួសលោក​​ឧកញ៉ា ហ៊ុន ឡាក់៕

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ថ្មី)