សម្ដេចតេជោ ស្នើឱ្យអ្នកវិនិយោគបរទេសជឿជាក់លើកម្ពុជា ថាកម្ពុជាគឺមានស្ថិរភាពយូរអង្វែងតទៅទៀត

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅកាន់អ្នកវិនិយោគបរទេសក្រុមហ៊ុនបរទេសឱ្យជឿជាក់លើកម្ពុជា ថាកម្ពុជាគឺមានស្ថិរភាពយូរអង្វែងតទៅទៀត ដោយសារថា គណបក្សប្រជាជននៅតែបន្តដឹកនាំកម្ពុជា ហើយកម្ពុជានៅតែបន្តមានសន្តិភាពទៅមុខទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ថ្លែងដូច្នេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងសម្តេច ជាមួយគណៈប្រតិភូក្រុមហ៊ុន Toyota Tsusho Corporation ដឹកនាំដោយ លោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ និង ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ដែលបានធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមក្នុងពិធីសម្ពោធបើកដំណើរការរោងចក្រ តម្លើងរថយន្ត Toyota នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ កាលពីម្សិលមិញ  ខណៈបានចាត់ទុកថា វាគឺជាសមិទ្ធផលមួយ និងបង្ហាញពីដំណើរការអភិវឌ្ឍស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចនៅដំណើរការល្អប្រសើរ ហើយការបើកសម្ពោធរោងចក្រតូយ៉ូតានេះ ជាភស្តុតាងស្រាប់។

សម្ដេចតេជោ បានបន្តថា អ្វីអ្វីតែងតែនិយាយពីមរតកតេជោ មរតកនោះគឺមានសន្តិភាព និងស្ថិរភាពនយោបាយ ដោយសារសម្ដេចបានពន្លត់សង្រ្គាម ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ។ ហើយសុខសន្តិភាពបានបន្តមកតាំងពីឆ្នាំ១៩៩៨មក គឺមានរយៈពេល២៦ឆ្នាំហើយ។

បន្ថែមពីនេះ សម្ដេចតេជោ ក៏បានស្នើថា៖«សូមឱ្យអ្នកវិនិយោគក្រុមហ៊ុនបរទេស មើលឃើញថា កម្ពុជា គឺមានស្ថិរភាពយូរអង្វែងតទៅទៀត ដោយសារថា គណបក្សប្រជាជននៅតែបន្តដឹកនាំកម្ពុជា កម្ពុជានៅតែបន្តមានសន្តិភាពទៅមុខទៀត ដើម្បីអោយអ្នកវិនិយោគជឿជាក់លើកម្ពុជា ដែលប្រទេសមួយចំនួនក្នុងតំបន់មិនមាន ហើយអ្នកវិនិយោគគួរមកវិនិយោគនៅកម្ពុជា»។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ លោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ក៏បានថ្លែងអំណរគុណចំពោះពាក្យពេជន៍ដ៏មានអត្ថន័យរបស់ សម្ដេចតេជោ និងបានមានប្រសាសន៍ថា បើពិភពលោកនេះ មានអ្នកដែលមានគំនិតដូច សម្ដេចតេជោ ប្រទេសនានានឹងមានសុខសន្តិភាព ដូចកម្ពុជា។ ជាថ្មីម្តងទៀត លោកក៏បានប្ដេជ្ញាថា នឹងចូលរួមយ៉ាងសកម្ម អនុវត្តតាមអនុសាសន៍របស់ប្រមុខដឹកនាំកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើនការផលិត និង ផ្ដល់ការហ្វឹកហ្វឺនជំនាញរថយន្តដល់ប្រជាជនកម្ពុជាផងដែរ៕ អត្ថបទ៖ រង្សី