នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារ​ជាមួយនឹង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម អ៊ូអិណុ អាស៊ឺស៊ិ (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ ឯកឧត្តម អ៊ូអិណុ អាស៊ឺស៊ិ បានរំឭកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់របស់ ជប៉ុន-កម្ពុជា ចាប់តាំងពីសតវត្សរ៍ទី១៧ ហើយបន្តរហូតមកដល់បច្ចុប្បន្ន ដោយឆ្នាំ២០២៣ នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឡើងដល់កម្រិតល្អបំផុតក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេលនឹងការប្រារព្ធខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការ។

ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណចំពោះការជ្រោមជ្រែងរបស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រហូតមានវឌ្ឍនភាពរីកចម្រើនគួរជាទីមោទនៈ ហើយទំនាក់ទំនងដ៏ល្អនេះ ក៏នឹងត្រូវបន្តពង្រឹង និងពង្រីកជាមួយគ្រប់ប្រភេទទ័ព ទាំងជើងគោក, ជើងទឹក និងជើងអាកាស។

ឯកឧត្តម ឯកអគ្គរាជទូត ក៏បានបញ្ជាក់ផងដែរអំពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀតនៅក្នុងអាណត្តិនៃបេសកកម្មការទូតរបស់ ឯកឧត្តម។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អជិតស្និទ្ធរវាងប្រទេស ប្រជាជន និងកងទ័ពកម្ពុជា-ជប៉ុន ដោយក្នុងនេះ ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការសន្តិភាព និងការស្តារកសាងកម្ពុជាឡើងវិញក្នុងដំណាក់ទសវត្សរ៍ឆ្នាំ១៩៩០ ហើយរហូតមកបច្ចុប្បន្ននេះ នៅក្រោមការយកចិត្តទុកដាក់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងប្រមុខថ្នាក់ដឹកនាំជប៉ុនជាច្រើនរូប, ប្រទេសទាំងពីរក៏នៅរក្សាបាននូវកិច្ចសហប្រតិបត្តិការស្អិតរមួតលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, ការពារជាតិ, សេដ្ឋកិច្ច, អប់រំ និងវប្បធម៌ ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។

ទន្ទឹមគ្នានេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានលើកឡើងផងដែរអំពីសមិទ្ធផលកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ ដែលជាយន្តការអចិន្ត្រៃយ៍សម្រាប់បង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោកឱ្យមានភាពសកម្មជាក់ស្តែង និងរស់រវើក៕