ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងប្តូរឈ្មោះក្រសួងការពារជាតិសហរដ្ឋអាមេរិក ទៅជាក្រសួងសង្គ្រាមវិញ ដែលជាឈ្មោះដើម នៅក្នុងរយៈពេលប្រហែលមួយសប្តាហ៍ទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

ក្នុងអំឡុងពេលជួបពិភាក្សាជាមួយប្រធានាធីបតីកូរ៉េខាងត្បូង លោក Lee Jae-myung នៅឯសេតវិមាន កាលពីថ្ងៃទី២៥ ខែសីហា លោក ត្រាំ បាននិយាយថា៖”រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានធ្វើការងារដ៏អស្ចារ្យមួយនៅក្នុងអ្វីដែលខ្ញុំហៅថាជាក្រសួងសង្គ្រាម។ មនុស្សជាច្រើនហៅវាថាជាក្រសួងការពារជាតិ ប៉ុន្តែខ្ញុំគិតថាយើងនឹងផ្លាស់ប្តូរឈ្មោះ”។
លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា ក្រសួងការពារជាតិ ធ្លាប់ត្រូវបានគេហៅថាជា ក្រសួងសង្គ្រាម អំឡុងពេលដែលអាមេរិកចូលរួមនៅក្នុងសង្គ្រាមលោកលើកទី១ និងលើកទី២។ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយបន្ថែមទៀតថា ៖” ពលរដ្ឋចូលចិត្តការពិតការដែលថាអាមេរិក មានប្រវត្តិសាស្រ្តដ៏អស្ចារ្យ ចំពោះការឈ្នះសង្គ្រាម ដូច្នេះហើយទើបវាត្រូវបានគេគេហៅថាជាក្រសួងសង្គ្រាម”។
គួរឲ្យដឹងផងដែរថា លោក George Washington ដែលជាប្រធានាធិបតីទីមួយ និងជាបិតាស្ថាបនិករបស់សហរដ្ឋអាមេរិក បានបង្កើតក្រសួងសង្គ្រាម នៅឆ្នាំ១៧៨៩ ។ ឈ្មោះនេះបានបន្តរហូតដល់ឆ្នាំ១៩៤៧ នៅពេលដែលប្រធានាធិបតីពេលនោះ គឺលោក Harry Truman បានរៀបចំទីភ្នាក់ងារឡើងវិញ ហើយប្តូរឈ្មោះទៅជាក្រសួងការពារជាតិ នៅឆ្នាំ១៩៤៩ ។
ជម្រាបជូនថា លោក ត្រាំ បាននិយាយថាដំណើរការប្តូរឈ្មោះនឹងប្រព្រឹត្តទៅក្នុងរយៈពេលប្រហែលមួយសប្តាហ៍។ តែទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះ នឹងតម្រូវឱ្យមានការអនុម័តពីសភា ដោយសារក្រសួងការពារជាតិ ត្រូវបានបង្កើតឡើងក្រោមច្បាប់ដែលមានអាយុកាលរាប់ទសវត្សមកហើយ៕

