រដ្ឋមន្រ្តីក្រសួងសាធារណការ ស្នើក្រុមហ៊ុនចិនជួយគាំទ្រការអភិវឌ្ឍន៍វិស័យភស្តុភារកម្មនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ប្រតិភូក្រុមហ៊ុនចិន Zhejiang Seaport Logistics Group Co., LTD. ឱ្យជួយគាំទ្រការអភិវឌ្ឍន៍វិស័យភស្តុភារកម្មនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែប្រសើរថែមទៀត។នេះបើយោងតាមជំនួបពិភាក្សារវាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយប្រតិភូក្រុមហ៊ុន Zhejiang Seaport Logistics Group Co., LTD. កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋមន្រ្តី បានបន្តថា ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាការងារនិងស្វែងយល់ពីសក្តានុពលទីផ្សារក្នុងវិស័យភស្តុភារកម្ម ឱកាសវិនិយោគលើវិស័យភស្តុភារកម្មនៅកម្ពុជា និងការបង្កើតកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជនក្នុងការអភិវឌ្ឍនិងលើកកម្ពស់វិស័យភស្តុភារកម្មនៅកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានស្នើឱ្យតំណាងក្រុមហ៊ុន Zhejiang Seaport Logistics Group បន្តសហការជាមួយជំនាញបច្ចេកទេសរបស់ក្រសួង ដើម្បីជួយគាំទ្រការអភិវឌ្ឍន៍វិស័យភស្តុភារកម្មនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងការលើកកម្ពស់វិស័យភស្តុភារកម្មឱ្យកាន់តែរីកចម្រើនថែមទៀត។

នៅក្នុងជំនួបសំដែងការគួរសមនេះ លោក បានគូសបញ្ជាក់អំពីការបន្តខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ សំដៅបន្តកសាងមូលដ្ឋានសេដ្ឋកិច្ច-សង្គមកម្ពុជា ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សូមជម្រាបថា តាមរយៈជំនួបខាងលើនេះ ក្រសួងសាធារណការ បានបានរំលេចអំពីទិសដៅគោលនយោបាយ និងផែនការអភិវឌ្ឍន៍​នានារបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលគាំទ្រ​ដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែប្រែកម្ពុជា​ជាប្រទេសមាន​ចំណូលកម្រិតមធ្យម​នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះដែរ ក្រសួងក៏មានផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ សម្រាប់ការអភិវឌ្ឍគម្រោងផ្លូវថ្នល់ ផ្លូវដែក ផ្លូវល្បឿនលឿន ផ្លូវទឹក​ និងជាពិសេសការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា និងផែនការមេអភិវឌ្ឍន៍ផ្លូវទឹក និងកំពង់ផែនៅកម្ពុជា៕ អត្ថបទ៖ ហ្សាលីន