មេដឹកនាំនៃប្រទេសរុស្ស៊ី និងប្រទេសចិន បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្របច្បាប់មួយស្តីពីការអនុវត្តគម្រោងថាមពលឧស្ម័ន Power of Siberia 2។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នាយកប្រតិបត្តិក្រុមហ៊ុនថាមពលខ្នាតយក្សរុស្ស៊ី Gazprom លោក Alexei Miller បានប្រកាសកាលពីថ្ងៃទី២ ខែកញ្ញាថា ប្រទេសរុស្ស៊ី និងចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីលើកកម្ពស់ដល់ការសាងសង់បំពង់បង្ហូរឧស្ម័ន Power of Siberia 2។
កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានៅចំពោះមុខប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នេះ គឺជាលើកដំបូងហើយដែលប្រទេសទាំងពីរ បានប្តេជ្ញាចិត្តជាផ្លូវការ ក្នុងការអនុវត្តគម្រោងថាមពលប្រកបដោយមហិច្ឆតា បន្ទាប់ពីមានការពន្យារពេលអស់ជាយូរ។
ទន្ទឹមនិងនេះ លោក Miller បាននិយាយថា នេះគឺជាគម្រោងដ៏ធំបំផុត មានមហិច្ឆតាបំផុត និងវិនិយោគខ្លាំងបំផុត នៅក្នុងឧស្សាហកម្មឧស្ម័នពិភពលោក ដោយបន្ថែមទៀតថា Gazprom និងសាជីវកម្មប្រេងជាតិចិន (CNPC) ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួនបីបន្ថែមទៀតនៅក្នុងឱកាសនោះ ផងដែរ។
ជម្រាបជូនផងដែរថា បំពង់បង្ហូរ Power of Siberia 2 ត្រូវបានគេរំពឹងថានឹងអាចដឹកជញ្ជូនឧស្ម័នបន្ថែម ៥០ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ពីតំបន់ឧស្ម័ន Yamal របស់រុស្ស៊ីនៅតំបន់អាក់ទិក កាត់តាមប្រទេសម៉ុងហ្គោលី និងបន្ទាប់មកទៅកាន់ប្រទេសចិន៕

