ឥណ្ឌូនេស៊ី អាចនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំង៥ លើលោក នៅឆ្នាំ២០៥០

អន្តរជាតិ

យោងតាមលោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីមានសក្តានុពលក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង ៥ របស់ពិភពលោកនៅឆ្នាំ២០៥០ ប្រសិនបើប្រទេសនេះអាចរក្សាបាននូវសន្ទុះកំណើនបច្ចុប្បន្ន និងកំណែទម្រង់រចនាសម្ព័ន្ធរបស់ខ្លួននោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Airlangga បានសម្តែងសុទិដ្ឋិនិយមអំពីការរំពឹងទុករយៈពេលខ្លី ដោយបានបង្ហាញថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំ២០២៦ នេះ អាចឈានដល់ប្រហែល ៥,៤%។ យោងតាមលោក មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចក្នុងស្រុកនៅតែមានស្ថេរភាព ដែលបង្ហាញឲ្យឃើញដោយអតិរេកពាណិជ្ជកម្មរយៈពេល ៦៩ខែជាប់ៗគ្នា កម្រិតសុវត្ថិភាពនៃទុនបម្រុងប្តូរប្រាក់បរទេស និងអតិផរណាត្រូវបានគ្រប់គ្រងក្នុងចន្លោះគោលដៅជាដើម។

មិនតែប៉ុណ្ណោះរដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងពន្លឿនយុទ្ធសាស្ត្រមួយចំនួនដើម្បីពង្រឹងការសម្របសម្រួលរវាងវិស័យសាធារណៈ និងឯកជន ដោយលើកកម្ពស់ឧស្សាហូបនីយកម្ម ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ ការផ្តោតសំខាន់លើគោលនយោបាយ រួមមានហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ធនធានរ៉ែនៅខ្សែសង្វាក់ផលិតកម្ម ការអភិវឌ្ឍយានយន្តអគ្គិសនី ថាមពលកកើតឡើងវិញ និងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក ផងដែរ។

លោក Airlangga បានសង្កត់ធ្ងន់ទៀតថា ប្រទេសឥណ្ឌូណេស៊ី បានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងតំបន់ ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបង្កើនភាពធន់នៃសេដ្ឋកិច្ចពិភពលោកក្នុងចំណោមភាពប្រែប្រួលភូមិសាស្ត្រនយោបាយ។

រដ្ឋមន្ត្រីរូបនេះ បានបន្ថែមថាអាស៊ីមានសក្តានុពលក្នុងការក្លាយជាមហាអំណាចសេដ្ឋកិច្ចចម្បងរបស់ពិភពលោក ប្រសិនបើនៅតែបន្តប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់បើកចំហ និងរួមបញ្ចូល។ តំបន់នេះត្រូវបានគេព្យាករថានឹងរួមចំណែកប្រហែល ៥២% នៃផលិតផលក្នុងស្រុកសរុបសកលនៅឆ្នាំ២០៥០។

លើសពីនេះ ដោយលើកឡើងពីការព្យាកររយៈពេលវែង លោក បានបញ្ជាក់ថា Airlangga នៅឆ្នាំ២០៥០ ប្រទេសចិនអាចឈានដល់ផលិតផលក្នុងស្រុកសរុបចំនួន ៥៨ទ្រីលានដុល្លារ ឥណ្ឌា ៤៤ទ្រីលានដុល្លារ ខណៈឥណ្ឌូណេស៊ីត្រូវបានគេរំពឹងថានឹងឈានដល់ ១០-១១ទ្រីលានដុល្លារ ដែលអាចជាប់ចំណាត់ថ្នាក់ទីបីនៅអាស៊ី និងស្ថិតនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងប្រាំនៅទូទាំងពិភពលោក៕​