មន្រ្តីជាន់ខ្ពស់CDC៖ សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍ និងពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់កម្ពុជា ខណៈសហភាពអឺរ៉ុប ក៏បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មលើការកសាងសមត្ថភាពស្ថាប័ននៅកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសដែលស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាសហភាពអឺរ៉ុប (Europe Day) កាលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់កម្ពុជា។ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ Global Gateway និងកម្មវិធីជំនួយនានា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មដល់ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍបៃតង និងការកសាងសមត្ថភាពស្ថាប័ននៅកម្ពុជា។ ឯកឧត្តម ក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ផ្អែកលើមូលដ្ឋាននៃមិត្តភាព និងការគោរពគ្នាទៅវិញទៅមក ទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប នឹងបន្តរីកចម្រើនកាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។

សូមជម្រាបថា ទិវាសហភាពអឺរ៉ុប (Europe Day) ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែឧសភា ដើម្បីរំលឹកដល់ខួបនៃ “សេចក្តីថ្លែងការណ៍ស៊ូម៉ាន” (Schuman Declaration) ឆ្នាំ១៩៥០ ដែលជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចនៅអឺរ៉ុប ក្នុងគោលបំណងថែរក្សាសន្តិភាពប្រកបដោយចីរភាព និងសាមគ្គីភាពក្រោយសង្គ្រាមលោកលើកទី២។ ទិវានេះមិនត្រឹមតែជាការអបអរសាទរនូវសមិទ្ធផលនៃសន្តិភាព និងវិបុលភាពក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់សហភាពអឺរ៉ុបក្នុងការបង្ហាញនូវតម្លៃរួម សេរីភាព និងការពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសនានាលើសកលលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ៕ អត្ថបទ៖ហ្សាលីន