លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អញ្ជើញចុះ MoU រវាងសមាគមសិល្បករខ្មែរ និងមន្ទីរពេទ្យអឃីត ដើម្បីលើកកម្ពស់សុខុមាលភាពសិល្បករ និងផ្សព្វផ្សាយការយល់ដឹងសុខភាពដល់ពលរដ្ឋ

ជុំវិញ​ឧកញ៉ា

សមាគមសិល្បករខ្មែរ និងមន្ទីរពេទ្យអឃីត បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈយោគយល់ (MoU) នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាមន្ទីរពេទ្យអឃីត កោះពេជ្រ ក្នុងគោលបំណងរួមគ្នាលើកកម្ពស់​សុខុមាលភាព​សិល្បករ សិល្បការិនីកម្ពុជា និងពង្រឹងការផ្សព្វផ្សាយការយល់ដឹងអំពីបញ្ហា​សុខភាពជូនដល់​ប្រជាពលរដ្ឋខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមសិល្បករខ្មែរ បានឱ្យដឹងថា ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ, ឧកញ៉ា គិត លីច័ន្ទផាន់ណា អនុប្រធាន និងជាទីប្រឹក្សាជាន់ខ្ពស់សមាគម​សិល្បករខ្មែរ ព្រមទាំងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន KLYP Investments និងលោក ម៉ា អ៊ែមមឺសិន ម៉ានី នាយកប្រតិបត្តិនៃមន្ទីរពេទ្យអឃីត និងជានាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ បុគ្គលិក សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាច្រើនរូប។

ក្នុងឱកាសនោះ ឧកញ៉ា គិត លីច័ន្ទផាន់ណា បានថ្លែងសុន្ទរកថាតំណាងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដោយគូសបញ្ជាក់ថា កិច្ចសហការនេះ គឺជាការបង្ហាញពីឆន្ទៈរួមក្នុងការលើកកម្ពស់គុណភាពជីវិត និងការទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាពសម្រាប់សិល្បករ សិល្បការិនីទូទាំងប្រទេស ជាពិសេសសិល្បកររៀមច្បង ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងទេពកោសល្យក្នុងការអភិរក្ស និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ។

លោកបានមានប្រសាសន៍ថា៖ «សិល្បករ សិល្បការិនី គឺជាធនធានដ៏មានតម្លៃរបស់សង្គម និងជាអ្នកថែរក្សាអត្ត​សញ្ញាណ​ជាតិខ្មែរ។ ការយកចិត្តទុកដាក់លើសុខភាព សេចក្ដីថ្លៃថ្នូរ និងសុខុមាលភាពរបស់ពួកគាត់ គឺជាកាតព្វកិច្ច​ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាគាំពារ និងថែរក្សា»។

តាមរយៈអនុស្សរណៈយោគយល់នេះ សមាជិកសមាគមសិល្បករខ្មែរ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីមន្ទីរ​ពេទ្យអឃីត កោះពេជ្រ និងមន្ទីរពហុព្យាបាល អឃីត សែនសុខ រួមមានសេវាពិនិត្យ ព្យាបាល និងការថែទាំ​សុខភាព​ប្រកប​ដោយគុណភាព ព្រមទាំងលក្ខខណ្ឌអនុគ្រោះផ្សេងៗទៀត។

ជាមួយគ្នានេះ កិច្ចសហការនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់មន្ទីរពេទ្យអឃីត ក្នុងការអនុវត្តទំនួលខុស​ត្រូវសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការគាំទ្រដល់សហគមន៍សិល្បករកម្ពុជា និងរួមចំណែកដល់​និរន្តរភាព​នៃវិស័យសិល្បៈវប្បធម៌ជាតិ។

ដោយឡែក លោក ម៉ា អ៊ែមមឺសិន ម៉ានី នាយកប្រតិបត្តិនៃមន្ទីរពេទ្យអឃីត និងជានាយកគ្រប់គ្រងប្រចាំ​ប្រទេស​កម្ពុជា បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង​ផ្នែកសុខភាព​ទៅកាន់សាធារណជន តាមរយៈការចូលរួមផ្សព្វផ្សាយសារសុខភាពដោយសមាគមសិល្បករខ្មែរ ដែលមានឥទ្ធិពល​វិជ្ជមាន​ដល់មហាជន។

លោកបានថ្លែងថា៖ «ក្នុងនាមជាមន្ទីរពេទ្យខ្មែរ យើងមានមោទនភាពក្នុងការប្រើប្រាស់ចំណេះជំនាញ និងវិជ្ជាជីវៈ មកបម្រើជាតិមាតុភូមិ ដោយភាពស្មោះត្រង់ និងទំនុកចិត្ត។ រាល់ការខិតខំប្រឹងប្រែងរបស់យើង គឺដើម្បីធានាបាន​នូវសុខសុវត្ថិភាព សុខភាព និងស្នាមញញឹមសម្រាប់ប្រជាជនខ្មែរ»។

ភាគីទាំងពីរ បានសម្តែងនូវជំនឿជាក់ថា កិច្ចសហការនេះនឹងបន្តរីកចម្រើន និងអាចក្លាយជាគំរូសម្រាប់ការពង្រីក​កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងស្ថាប័នវប្បធម៌ផ្សេងៗទៀតនៅកម្ពុជា។

សមាគមសិល្បករខ្មែរ បានបញ្ជាក់ថា នឹងបន្តស្វែងរកកិច្ចសហការនានា ដើម្បីគាំទ្រសិល្បករ សិល្បការិនី លើផ្នែកសុខុមាលភាព សង្គមកិច្ច និងការអភិវឌ្ឍជីវភាព ខណៈដែលមន្ទីរពេទ្យអឃីត ក៏នឹងបន្តបេសកកម្មផ្តល់​សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងការយកចិត្តទុកដាក់ខ្ពស់ជូនដល់ប្រជាជនកម្ពុជា។