ឧកញ៉ា ឡី សុភាព ប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីសម្រេចតែងតាំង ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ CPL ជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ដីធ្លី និងសំណង់ថ្នាក់កណ្តាល អាណត្តិទី១ អមដោយអនុប្រធាន ចំនួន ១៤រូប និងសមាជិក សមាជិកា ចំនួនជាង ២០រូប។

ជាមួយគ្នានេះ លោកជំទាវឧកញ៉ា ប៊ុន ណាវី អគ្គនាយិកាក្រុមហ៊ុន ស៊ីភីអែល ខេមបូឌា ប្រភើធី លីមីធីត (CPL) ដែលត្រូវជាភរិយារបស់លោកឧកញ៉ា ចេង ខេង ក៏ទទួលបានការតែងតាំងជា អនុប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ដីធ្លី និងសំណង់ថ្នាក់កណ្តាល អាណត្តិទី១។
ក្រោយទទួលបានការតែងតាំងនេះ ឧកញ៉ា ចេង ខេង បានលើកឡើងលើបណ្តាញសង្គមថា ការតែងតាំងនេះគឺជាសក្ខីភាពបង្ហាញពីបទពិសោធន៍ ចំណេះដឹង ការខិតខំប្រឹងប្រែង ការរៀនសូត្រ ការតស៊ូ និងការចូលរួមយ៉ាងសកម្មរបស់លោក និងលោកជំទាវឧកញ៉ា ប៊ុន ណាវី រួមជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យដីធ្លី និងសំណង់នៅកម្ពុជា ឱ្យកាន់តែរីកចម្រើន រឹងមាំ និងមានសក្តានុពលបន្ថែមទៀត៕






