សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសិស្សជាប់បាក់ឌុប, សម្រាប់អ្នកទទួលលទ្ធផលមិនគាប់ប្រសើរសូមកុំបាក់ទឹកចិត្ត

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ ជាផ្លូវការ នៅថ្ងៃទី២៣ ខែវិច្ឆិកាម្សិលមិញ។ ក្នុងនោះ សិស្សទទួលបាននិទ្ទេស A ចំនួន ១.៦៧៣ នាក់, និទ្ទេស B ចំនួន ៦.៩៦៤ នាក់, និទ្ទេស C ចំនួន ១៨.៣០៨ នាក់, និទ្ទេស D ចំនួន ៣៤.២៤៦ នាក់ និងនិទ្ទេស E ចំនួន ៣៧.២៦៩ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះជ័យលាភីលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ នៅលើបណ្តាញសង្គមតេឡេក្រាមផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសចូលរួមអបអរសាទរជាមួយសិស្សទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៣ នេះ ។

ជាមួយគ្នានេះ សម្រាប់សិស្សដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សម្តេចធិបតីស្នើសូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញ សម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង ។

សូមជម្រាបថា នៅក្នុងសម័យប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ គឺមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់។ ជាលទ្ធផលនៃការប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ បេក្ខជនប្រឡងជាប់សរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡង៕