ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពូជាកម្ពុជា និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបើកកិច្ចពិភាក្សាស៊ីជម្រៅ ដើម្បីជំរុញកិច្ចសហប្រត្តិបត្តិការលើចំនុចអាទិភាពចំនួន៣។

កិច្ចពិភាក្សាខាងលើនេះ បានធ្វើឡើងរវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោកសនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសជំនួបនោះ កម្ពុជា-ឡាវ បានបើកកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅលើលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ ជាពិសេសផ្តោតលើចំណុចអាទិភាពសំខាន់ៗ ចំនួន៣រួមមាន៖-ការបង្កើនទំហំកសិ-ពាណិជ្ជកម្ម និងការផ្គូផ្គងក្នុងវិស័យឯកជន។-កិច្ចសហប្រតិបត្តិការលើការនាំចេញ កសិផលទៅកាន់ទីផ្សារប្រទេសចិន ដោយដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវ។ និង-ការតភ្ជាប់ការផ្គត់ផ្គង់ធាតុចូល សម្រាប់ផលិតកម្មជីកសិកម្មពីឡាវមកកម្ពុជា។
ជាមួយគ្នានេះ ក្នុងឱកាសជំនួបនោះដែរ លោក ឌិត ទីណា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏កក់ក្តៅបំផុតពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកនាយករដ្ឋមន្ត្រីឡាវ ផងដែរ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីឡាវ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសារសួរសុខទុក្ខពី សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ លោកក៏បានលើកទឹកចិត្តឱ្យក្រសួងកសិកម្មទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមលើការអនុវត្តគម្រោងអភិរក្សរួមគ្នា ដើម្បីធានានិរន្តរភាពព្រៃឈើ និងសត្វព្រៃ។
ដំណើរទស្សនកិច្ចផ្លូវការនាពេលនេះ កម្ពុជា-ឡាវ បានចាត់ទុកថា នេះគឺជាជំហានដ៏សំខាន់ក្នុងការបើកច្រកសេដ្ឋកិច្ចកសិកម្មថ្មីៗ ជំរុញការនាំចេញកសិផលសក្តានុពលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងការការពារធនធានធម្មជាតិសម្រាប់ជំនាន់ក្រោយ៕ អត្ថបទ៖ហ្សាលីន


