សម្តេច ហ៊ុន សែន៖ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រអាចនឹងដំណើរការក្រោយអាណត្តិរដ្ឋាភិបាលថ្មី

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយនឹងសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣ ឆ្នាំ២០២២ ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាល OCIC ជ្រោយចង្វារ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ អាចនឹងដំណើរការក្រោយអាណត្តិរដ្ឋាភិបាលថ្មី​ ខណៈបច្ចុប្បន្នកម្មវិធីនេះ កំពុងសិក្សានៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើតាមការសម្រេចរបស់រាជរដ្ឋាភិបាលការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ គឺមិនយកប្រាក់នោះទេ ថែមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែដល់សិស្សថែមទៀត។ជាមួយគ្នានោះ សម្តេច ក៏បានណែនាំឱ្យយកចិត្តទុកដាក់លើការបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈសាលានេះ អាចនឹងបើកដំណើរការក្រោយក្រោយអាណត្តិរដ្ឋាភិបាលថ្មី។

សម្តេចតេជោ បានបញ្ជាក់បន្តថា៖« ការបណ្តុះបណ្តាលវិជ្ជាជីវៈ អាចនឹងចាប់ផ្តើមក្រោយបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មី ឥឡូវត្រូវការរៀបចំ អាចនឹងចាប់ផ្តើមក្រោយការរៀបចំរដ្ឋាភិបាលថ្មី ចឹងសាលានឹងចាប់ផ្តើមបើកទទួលពាក្យសម្រាប់យុវជនអាចសិក្សា ទាំងជំនាញបច្ចេកទេសឌីថល និងជំនាញវិជ្ជាជីវៈដូនតាផងដែរ»។

សូមរម្លឹកដែរថា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ កាលព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានប្រកាសថា នឹងបណ្តុះបណ្តាលដល់យុវជនកម្ពុជាក្រីក្រជាង ១លាន ៥សែននាក់ ឱ្យបានចូលសិក្សាចំណេះជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃ។

សម្តេចតេជោ អះអាងថា ការបង្កើតឱ្យមានការបណ្តុះបណ្តាលយុវជនក្រីក្រនេះ គឺដើម្បីបំពេញតម្រូវការទីផ្សារការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធរបស់ប្រទេសកម្ពុជា ខណៈសម្តេចយល់ថា សក្តានុពលកម្ពុជា មានកម្លាំង​វ័យក្មេងច្រើន ប៉ុន្តែសមត្ថភាពនៅមានកម្រិត ដូច្នេះហើយបានជាសម្តេចណែនាំឱ្យគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចសិក្សា ដោយផ្តោតលើលទ្ធភាពដល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសយុវជនក្រីក្រ១លាន ៥សែននាក់ឱ្យអាចដំណើរការទៅបាន៕ អត្ថបទ៖ ពិសី