កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន ៧

សង្គម​ និង​សេដ្ឋកិច្ច

ទំនាក់ទំនង​រុស្ស៊ី-កម្ពុជា នឹង​បន្ត​រីកចម្រើនថែមទៀត ​ខណៈ ប្រទេស​ទាំងពីរ បានពង្រឹង​កិច្ចសហប្រតិបត្តិការ​លើវិស័យសក្តានុពលសំខាន់ៗចំនួន ៧ ឱ្យកាន់តែខ្លាំងថែមទៀត។នេះបើយោងតាមជំនួបពិភាក្សានារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ រវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ លោក អន់ដ្រេ រ៉ូឌែនកូ (Andrey RUDENKO) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាជំនួបនេះ, លោកអនុរដ្ឋមន្ត្រីការបរទេស បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា និងបានបង្ហាញសុទិដ្ឋិនិយម​ថា​ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចជម្នះរាល់បញ្ហាប្រឈម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត​។ លោកជឿជាក់ថា ទំនាក់ទំនង​រុស្ស៊ី-កម្ពុជា នឹង​បន្ត​រីកចម្រើនថែមទៀតដែល​ ប្រទេស​ទាំងពីរត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើវិស័យសក្តានុពលជាច្រើនទៀត ​ឱ្យកាន់តែស៊ីជម្រៅ​។

ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះ សហព័ន្ធរុស្ស៊ី ក៏ដូចជាអតីតសហភាពសូវៀត​ ដែលបានដើរតួយ៉ាងសំខាន់ក្នុងការ​រួម​ចំណែក​ដល់ការស្តារ និងកសាងសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ និងបានគូសបញ្ជាក់ពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។

សូមជម្រាបដែរថា សម្ដេចធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បានផ្លាស់ប្ដូរយោបល់គ្នា ដោយឯកភាពក្នុងការការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគ, អប់រំ, ថាមពល, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ទេសចរណ៍, កសិកម្ម, សន្តិសុខ និងការពារជាតិ៕អត្ថបទ៖ហ្សាលីន