ទំនាក់ទំនងរុស្ស៊ី-កម្ពុជា នឹងបន្តរីកចម្រើនថែមទៀត ខណៈ ប្រទេសទាំងពីរ បានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៧ ឱ្យកាន់តែខ្លាំងថែមទៀត។នេះបើយោងតាមជំនួបពិភាក្សានារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ រវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ លោក អន់ដ្រេ រ៉ូឌែនកូ (Andrey RUDENKO) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី។

នាជំនួបនេះ, លោកអនុរដ្ឋមន្ត្រីការបរទេស បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា និងបានបង្ហាញសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលកម្ពុជា នឹងអាចជម្នះរាល់បញ្ហាប្រឈម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោកជឿជាក់ថា ទំនាក់ទំនងរុស្ស៊ី-កម្ពុជា នឹងបន្តរីកចម្រើនថែមទៀតដែល ប្រទេសទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនទៀត ឱ្យកាន់តែស៊ីជម្រៅ។
ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះ សហព័ន្ធរុស្ស៊ី ក៏ដូចជាអតីតសហភាពសូវៀត ដែលបានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការស្តារ និងកសាងសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ និងបានគូសបញ្ជាក់ពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។
សូមជម្រាបដែរថា សម្ដេចធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បានផ្លាស់ប្ដូរយោបល់គ្នា ដោយឯកភាពក្នុងការការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគ, អប់រំ, ថាមពល, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ទេសចរណ៍, កសិកម្ម, សន្តិសុខ និងការពារជាតិ៕អត្ថបទ៖ហ្សាលីន


