លោកស្រី​ Colette Kress ឡើងកាន់តំណែង CEO បណ្តោះអាសន្នជំនួសលោក Jensen Huang ជានរណា?

អន្តរជាតិ

លោកស្រី Colette Kress ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Nvidia នឹងឡើងកាន់តំណែងជានាយកប្រតិបត្តិបណ្ដោះអាសន្នជំនួសលោក Jensen Huang បន្ទាប់ពីការប្រកាសចុះចេញពីតំណែងរបស់សហស្ថាបនិករូបនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការផ្លាស់ប្តូរនេះធ្វើឱ្យលោកស្រី Kress ក្លាយជាអ្នកដឹកនាំក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់ពិភពលោក ដែលផលិតផលរបស់ខ្លួនភាគច្រើន ជាកម្លាំងជំរុញដល់វិស័យបញ្ញាសិប្បនិម្មិត AI ដែលកំពុងរីកចម្រើនរបស់ពិភពលោក។

យ៉ាងណាមិញ ក្រុមហ៊ុន Nvidia បានប្រកាសពីការតែងតាំងលោកស្រី Kress កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមប្រឹក្សាភិបាលបានសម្រេចដកលោក Jensen Huang ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិ ចេញពីតំណែង ក្នុងគ្រាដែលមានសេចក្តីរាយការណ៍អំពីករណីលោកមានទំនាក់ទំនងស្នេហាក្រៅចំណងអាពាហ៍ពិពាហ៍ចំនួនពីរលើក។

គួរឲ្យដឹងថា លោកស្រី Kress បានចូលរួមជាមួយ Nvidia ក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្នុងនាមជាអនុប្រធានប្រតិបត្តិ និងជាប្រធានផ្នែកហិរញ្ញវត្ថុ (CFO) ហើយបានកាន់តំណែងនេះរហូតមក។ លោកស្រីតែងតែបង្ហាញខ្លួនរួមគ្នាជាមួយលោក Jensen Huang នៅក្នុងកិច្ចប្រជុំប្រកាសលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសរបស់ក្រុមហ៊ុន។

មុនពេលមកកាន់តំណែងនៅ Nvidia លោកស្រី Kress បានចំណាយពេល ៨ឆ្នាំធ្វើការក្នុងផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន Texas Instruments បន្ទាប់មកបានបន្តធ្វើការនៅក្រុមហ៊ុន Microsoft ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១០។ នៅ Microsoft លោកស្រីបានកាន់តំណែងជាប្រធានផ្នែកហិរញ្ញវត្ថុនៃផ្នែក Server and Tools ក្នុងឆ្នាំ២០០៦ ដោយទទួលខុសត្រូវលើយុទ្ធសាស្ត្រហិរញ្ញវត្ថុ ការរៀបចំផែនការ និងការរាយការណ៍ហិរញ្ញវត្ថុ។

នៅឆ្នាំ២០១០ លោកស្រីបានផ្លាស់ទៅធ្វើការនៅក្រុមហ៊ុន Cisco ក្នុងតំណែងជាអនុប្រធានជាន់ខ្ពស់ និងជាប្រធានផ្នែកហិរញ្ញវត្ថុសម្រាប់ផ្នែក Business Technology and Operations Finance ដោយទទួលខុសត្រូវលើយុទ្ធសាស្ត្រហិរញ្ញវត្ថុ និងការអភិវឌ្ឍអាជីវកម្ម។ លោកស្រីបានចាកចេញពីទីនោះដើម្បីមកចូលរួមជាមួយ Nvidia ក្នុងឆ្នាំ២០១៣។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ Nvidia ដែលបានដាក់ជូនគណៈកម្មការមូលបត្រ និងផ្សារហ៊ុនសហរដ្ឋអាមេរិក បានបង្ហាញថាលោកស្រី Kress ទទួលបានសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Arizona និងសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលធុរកិច្ច (MBA) ពីសាកលវិទ្យាល័យ Southern Methodist ផងដែរ។

ជម្រាបជូនថា យោតាមទស្សនាវដ្តី Forbes បានដាក់ចំណាត់ថ្នាក់លោកស្រី Kress ក្នុងលេខរៀងទី៣២ នៃបញ្ជីស្រ្តីអាមេរិកដែលបង្កើតទ្រព្យសម្បត្តិដោយខ្លួនឯង (self-made women) មានជាងគេបំផុត នៅឆ្នាំ២០២៦។ តាមរយៈភាគហ៊ុនដែលលោកស្រី​Kress កាន់កាប់នៅ Nvidia មានតម្លៃប្រហែល ៧៥០លានដុល្លារ៕​