ឯកសារសំខាន់ៗចំនួនបី ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តអាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី នឹងត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

សង្គម​ និង​សេដ្ឋកិច្ច

ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ កម្ពុជា ដោយនេះជាលើកដំបូងដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំឡើងនៅកម្ពុជា និងជាលើកទីពីរ នៅក្នុងទ្វីបអាស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំកំពូលនេះ នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួនបី ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត អាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី ដូចជា៖ (១) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប ចិត្តផ្នែកនយោបាយក្នុងការលើកកម្ពស់គោលការណ៍របស់ហ្វ្រង់កូហ្វូនីស្តីពីសន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការ ផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វនី (២) សេចក្តីសម្រេច សីពី ស្ថានភាពវិបត្តិ ការស្តារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាពនៅក្នុងតំបន់ហ្វ្រង់កូហ្វូនី និង (៣) សេចក្តីអំពាវនាវ ទីក្រុងភ្នំពេញ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះគឺជាការជួបជុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពី រដ្ឋ និងរដ្ឋាភិបាលសមាជិកទាំង៩០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមទាំងស្ថាប័នដៃគូជាច្រើន ដើម្បី ពិភាក្សាលើបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម ការអភិវឌ្ឍប្រកបដោយ ចីរភាព និងបញ្ហាផ្សេងៗទៀតដែលជាផលប្រយោជន៍រួម។ កិច្ចប្រជុំនេះក៏នឹងផ្តល់ឱកាសដ៏សំខាន់ក្នុងការ ពង្រឹងចំណងទាក់ទងរវាងសមាជិកនៃអង្គការOIF បញ្ជាក់ជាថ្មីនូវគុណតម្លៃរួមនៃសាមគ្គីភាព ភាពបើកចំហ ការសន្ទនា ភាពចម្រុះនៃវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជា នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។

ជាមួយគ្នានេះ ព្រឹត្តិការណ៍អមសំខាន់ៗចំនួនបួនត្រូវបានរៀបចំឡើង ក្នុងអំឡុងពេលពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រួមមាន ភូមិហ្វ្រង់កូហ្វនី (Francophonie Village) ហ្វ្រង់កូតិច (FrancoTech) ជំនួបសហគ្រិន ហ្វ្រង់កូហ្វូនលើកទី៦ និងវដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP)។ ព្រឹត្តិការណ៍អមទាំងនេះ នឹងផ្តល់ឱកាសយ៉ាងទូលំទូលាយសម្រាប់ការផ្លាស់ប្តូរវប្បធម៌ អប់រំ នវានុវត្តន៍ បណ្តាញទំនាក់ទំនងធុរកិច្ច និង ការកសាងភាពជាដៃគូនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ជាមួយគ្នានេះ ក៏នឹងមានជំនួបទ្វេភាគីជាច្រើន និងការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន ផងដែរ។

កម្ពុជារង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូមកពីគ្រប់តំបន់នៃសហគមន៍ ហ្វ្រង់កូហ្វូនី ព្រមទាំងសម្របសម្រួលការសន្ទនាប្រកបដោយស្ថាបនា សំដៅរួមគ្នាបន្តកសាងសន្តិភាព ជំរុញ វិបុលភាពរួម និងលើកកម្ពស់ស្ថិរភាពយូរអង្វែង៕