សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ “រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី” នៅទីសក្ការៈវិមានឋានសួគ៌

អាជីវកម្ម

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើជានិមិត្តរូបចំនួន ២ម៉ឺនដើម ក្រោមប្រធានបទ “រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី” នៅទីសក្ការៈវិមានឋានសួគ៌ នៃគម្រោង យិន ផារ៉ាដាយ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះ ក៏មានការនិមន្តចូលរួមដោយ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះមន្ត្រីសង្ឃខេត្ត ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ, ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត, ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងភ្ញៀវកិត្តិយសចូលរួមសរុបជាង ៨០០នាក់។

តាមការលើកឡើងរបស់ ឧកញ៉ា ឡុង ណាលី សួនឧទ្យានអនុស្សាវរីយ៍ យិន ផារ៉ាដាយ គឺជាសួនឧទ្យានអនុស្សាវរីយ៍ហុងស៊ុយបែបវិទ្យាសាស្រ្តឈានមុខគេបង្អស់នៅក្នុងតំបន់ ដែលបង្កើនភាពរុងរឿងនៃជីវិត និងកសាងមោទនភាព សម្រាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ មានទីតាំង ស្ថិតនៅលើទឹកដីដ៏ពិសិដ្ឋនៃថាមពលចក្រវាលធាតុទាំងប្រាំ មានហុងស៊ុយល្អពីធម្មជាតិ ដែលអាចជួយដល់កូនចៅគ្រប់ជំនាន់។ ទន្ទឹមនឹងនោះ ទីតាំងនេះ ក៏បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលទស្សនាក្នុងឆ្នាំ២០២៦ ប្រមាណជិត១៣ម៉ឺននាក់។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ម៉ៅ ធនិនអភិបាល នៃគណៈអភិបាលខេត្តកំពត បានថ្លែងកោតសសើរចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំរោងសាងសង់ និងបានសំណូមពរចំណុះបណ្តាគម្រោងនាពេលខាងមុខទៀត ត្រូវគិតទូរយកចិត្តទុក្ខដាក់អំពីរចនាបទ វប្បធម៌ សាសនា និងជំនឿ ដែលជាកេរ្តិ៍ដំណែលរបស់បុព្វបុរសជំនាន់មុនទុកឱ្យកូនចៅជំនាន់ក្រោយ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ក៏បានលើកឡើងថា សុខដុមនីយកម្មសាសនានៅកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីសាសនារៀងៗខ្លួនក្រោមម្លប់សុខសន្តិភាព ដែលជាមរតកដ៏មានតម្លៃនៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងបានបន្តវេនដោយ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍ក្នុងអង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ វិស័យវប្បធម៌ ទេសចរណ៍ និងសាសនា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ស្តីពី មត៌កសិល្បៈ វប្បធម៌ ជំនឿ និងសាសនា ដែលបាត់បង់ ឬប្រឈមនឹងការបាត់បង់ ត្រូវខិតខំស្តារឱ្យរស់រវើកឡើងវិញ ហើយចូលរួមលើកកម្ពស់ និងលើកស្ទួយនូវមត៌កវប្បធម៌ ជំនឿ និងសាសនានោះ ធ្វើឱ្យមានកិត្យានុភាព ល្បីរន្ទឺ សុះសាយ ទៅទូទាំងសកលលោក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនា និងជាការអភិវឌ្ឍសិល្បៈ វប្បធម៌ ជំនឿ និងសាសនា ប្រពៃណី ឱ្យរឹងរឹតតែរីកចម្រើនរុងរឿងជាលំដាប់៕