អ្នកស្រី ម៉ែន មុនី ប្រើជម្រើសចុងក្រោយបង្កើតកន្លែងសត្តឃាតដ្ឋានកាប់ជ្រូកលក់ដោយខ្លួនឯងដើម្បីបន្តមុខរបរនិងរកលុយសងបំណុលធនាគារ

អាជីវកម្ម

កសិករចិញ្ចឹមជ្រូកមួយគ្រួសារនៅភូមិភ្នំដិល ឃុំតំាងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម បានប្រកបមុខរបរក្នុងវិស័យចិញ្ចឹមសត្វអស់រយៈពេល៣០ឆ្នាំ បច្ចុប្បន្នបានអះអាងថាមានគម្រោងសុំច្បាប់ពីអាជ្ញាធរនៅក្នុងតំបន់ដើម្បីបង្កើតកន្លែងសត្តឃាតដ្ឋានមួយ ធ្វើជាជម្រើសចុងក្រោយដើម្បីកាប់ជ្រូកលក់សាច់នៅលើទីផ្សារដោយខ្លួនដើម្បីបន្តមុខរបរនិងរកលុយយកទៅសងបំណុលធនាគារនៅពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រី ម៉ែន មុនី អាយុជាង៦០ឆ្នាំនិងស្វាមីមានអាយុជាង៧០ឆ្នាំរស់នៅភូមិឃុំខាងលើបានឱ្យដឹងថា បច្ចុប្បន្នអ្នកស្រីនិងស្វាមីបាននិងកំពុងចិញ្ចឹមជ្រូកចំនួន២៥ក្បាល បា២ក្បាលនិងកូនជ្រូកតូច-ធំសរុបជាង២០០ក្បាល ស្របពេលប្រជាកសិករចិញ្ចឹមជ្រូកជាច្រើនផ្សេងទៀតនៅក្នុងតំបន់បានផ្អាតមុខរបរចិញ្ចឹមជ្រូកដោយសារតម្លៃជ្រូកនៅលើទីផ្សារធ្លាក់ថ្លៃ។

អ្នកស្រី ម៉ែន មុនី បានអះអាងថា«ចំពោះកសិករផ្សេងទៀតនៅក្នុងតំបន់បានឈប់ចិញ្ចឹមជ្រូកអស់ហើយសម្រាប់អ្នកដែលអត់មានមេជ្រូកឬអ្នកដែលទិញកូនជ្រូកពីគេយកមកចិញ្ចឹម។ ប៉ុន្តែចំណែកខ្ញុំក្រោយពីបានចាប់ផ្តើមបន្តចិញ្ចឹមជ្រូកឡើងវិញនៅឆ្នំា២០២២មកខ្ញុំបានចិញ្ចឹមមេជ្រូកយកកូនលក់ ប៉ុន្តែនៅពេលជ្រូកសាច់ចុះថ្លៃ ធ្វើឱ្យកូនជ្រូកដែលត្រៀមលក់ចេញនោះបានក្លាយជាជ្រូកសាច់ លុះដល់ពេលត្រូវលក់ចេញដឹងថាខាត ខ្ញុំក៏មានគម្រោងថាសុំច្បាប់ធ្វើអាជីវកម្មឬបង្កើតកន្លែងសត្តឃាតដ្ឋានកាប់ជ្រូកលក់ដោយខ្លួនឯងវិញ ព្រោះតម្លៃសាច់ជ្រូកនៅទីផ្សារក្នុងតំបន់សព្វថ្ងៃអាចលក់បានថ្លៃ១៧០០០រៀលទៅ១៨០០០រៀលក្នុងមួយគីឡូក្រាម»។

អ្នកស្រី ម៉ែន មុនី និងស្វាមី

តាមអ្នកស្រី ម៉ែន មុនី បានចាត់ទុកតម្លៃជ្រូករស់នៅក្នុងតំបន់មួយគីឡូក្រាមថ្លៃ៧០០០រៀបើប្រៀបធៀបទៅនិងតម្លៃសាច់ជ្រូកលក់នៅលើទីផ្សារថ្លៃពី១៧០០០រៀលទៅ១៨០០០រៀល គឺមានភាពខុសគ្នាប្រៀបដូចជាមេឃហើយនឹងដី។ ខណៈបច្ចុប្បន្នអ្នកស្រីមានគម្រោងសុំច្បាប់បើកទីតាំងសត្តឃាតដ្ឋានមួយនៅពេលខាងមុខនេះ។

អ្នកស្រីបញ្ជាក់ថា«កូនរបស់ខ្ញុំសព្វថ្ងៃបានទៅរៀនខ្វៃជ្រូកនិងបើកកន្លែងអាហារដ្ឋានដើម្បីយកសាច់នៅសល់ពីការលក់នៅលើទីផ្សារកែច្នៃធ្វើជាមុខម្ហូបលក់នៅកន្លែងរបស់ខ្លួន។មុខរបរកាប់សាច់ជ្រូកលក់ដោយខ្លួនឯងនេះ ខ្ញុំមានបទពិសោធន៍ម្តងរួចមកហើយកាលពី ឆ្នំា២០១៨ បន្ទាប់ពី តម្លៃជ្រូករស់បានធ្លាក់ថ្លៃនៅឆ្នាំ២០១៦និង២០១៧ ដូចនាពេលសព្វថ្ងៃនេះ ហើយការរំពឹងរបស់ខ្ញុំទៅលើកជម្រើសចុងក្រោយនេះវាប្រហែលជាអាចព្រោះការងារនេះខ្ញុំធ្លាប់មានបទពិសោធន៍ម្តងរួចទៅហើយនៅឆ្នំា២០១៨ ខ្ញុំបានបង់អាជីវកម្មធ្វើសត្វត្តឃាត ខ្ញុំលក់សាច់ជ្រូកនៅលើទីផ្សារមួយថ្ងៃកាប់ជ្រូកលក់មួយក្បាលជាប្រចាំ»៕ អត្ថបទ៖សារេត