អ្នកឧកញ៉ា លាង ម៉េង ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ១៨រូប ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

សមាគមឧកញ៉ាកម្ពុជា

អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចំនួន ១៨រូប ដើម្បីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបតម្កល់ព្រះបរមរូបខាងកើតវិមានឯករាជ្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះរាជប្រសូត្រនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ និងជាព្រះរាជបុត្រា នៃព្រះបាទ​សម្តេច ព្រះនរោត្តម សុរាម្រឹត ព្រះមហាកញ្ចនកោដ្ឋ និងសម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរតន៍ សិរីវឌ្ឍនា។ ព្រះអង្គបានលះបង់អស់ព្រះកាយពល និងព្រះរាជបញ្ញាញាណដើម្បីបំពេញ​ព្រះរាជកិច្ចសំខាន់ៗ​សម្រាប់ប្រជាជាតិខ្មែរ​ដោយបានទាមទារឯករាជ្យពេញលេញជូនជាតិមាតុភូមិ​ពីអាណានិគមបារាំង នៅឆ្នាំ​១៩៥៣ ព្រមទាំងបាន​កសាងនូវហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាដឹកនាំព្រះរាជាណាចក្រ​កម្ពុជាឆ្ពោះទៅកាន់​ភាពរីក​ចម្រើនគ្រប់វិស័យ។

គួររំឭកថា ព្រះមហាវីរក្សត្របានសោយទិវង្គតនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នារដ្ឋធានីប៉េកាំង នៃសាធារណ​រដ្ឋ​ប្រជាមានិតចិន ហើយត្រូវបានដង្ហែព្រះបរមសពមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រារព្ធព្រះរាជពិធីថ្វាយ​ព្រះភ្លើងតាមព្រះរាជបវេណីប្រកបដោយក្តីទុក្ខសោកសង្រេងរបស់ប្រជាជនខ្មែរនៅទូទាំងប្រទេស។

ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសមាគមឧកញ៉ាកម្ពុជា សូមក្រាបបង្គំថ្វាយព្រះរាជកុសល និងសូម​ថ្វាយ​ព្រះរាជកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត និងសូមចងចាំជានិច្ចនូវគុណូបការៈដ៏មានតម្លៃ​មិនអាចកាត់ថ្លៃ​បាន ដែលព្រះអង្គបានបន្សល់ទុកសម្រាប់ប្រជាជាតិខ្មែរជាទីស្រលាញ់របស់ព្រះអង្គ៕