លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចំនួន ៧០រូប ចូលរួមក្នុងពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកា ជូនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា ថវិកាសរុបជាង ១លាន ៧សែនដុល្លារអាម៉េរិក ជាការបរិច្ចាគពីថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ចំនួន ១១៨រូប ត្រូវបានប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញថតរូបអនុស្សាវរីយ៍ ជាមួយលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ដែលសុទ្ធសឹងជាសប្បុរសជន ដែលបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ មានសមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន ១១៨នាក់បានចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា តាមរយៈសមាគម ដែលមានទឹកប្រាក់សរុប ១,៧១៦,៦៦៦ ដុល្លារអាម៉េរិក ក្នុងនោះប្រាក់រៀលសរុបចំនួន ៨០,៣៥៧,១១០ រៀល និង ប្រាក់ដុល្លារ សរុបចំនួន ១,៦៩៦,៥៧៦.៧២ ដុល្លារអាម៉េរិក៕





