នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំងអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលរួមមានសមាសភាព អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តមឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនៅសមរភូមិប្រយុទ្ធខេត្តព្រះវិហារ ប្រឆាំងនឹងកងទ័ពឈ្លានពានថៃកាលពីរសៀលថ្ងៃសោរ៍ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៧ឆ្នាំ។

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានពាំនាំនូវការចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខពីសមាគមឧកញ៉ាកម្ពុជាជូនចំពោះលោកជំទាវ អ៊ុក ស៊ុនរ៉ានី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលជាស្វាមី ជាឪពុកបង្កើត ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌មួយរូប ព្រមទាំងជាវីរជនដ៏អង់អាចក្លាហានពោរពេញដោយស្មារតីស្នេហាជាតិមាតុភូមិ។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមឧត្តមសេនីយ៍ឯក ដួង សំនៀង សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ វីរភាពដ៏អង់អាចរបស់ឯកឧត្តមនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបាន៕













